(ស៊ីរី)៖ បំផ្ទុះគ្រាប់បែកអត្តឃាតគឺជាជំនាញក្រុមឧទ្ទាម ជាពិសេសនៅពេលនេះគឺសកម្មភាពរបស់ក្រុម ISIS បានធ្វើឲ្យពិភពលោកព្រួយបារម្ភយ៉ាងខ្លាំង ព្រោះមានមនុស្សជាច្រើនបានស្លាប់ដោយសារតែអំពើភេរវកម្មរបស់ក្រុមមួយនេះ។
ដើម្បីពង្រីកឥទ្ធិពល និងអំណាចរបស់ខ្លួនឲ្យបានយូរអង្វែង ថ្មីៗនេះ ក្រុមឧទ្ទាម ISIS បានបង្កើតជាសកលវិទ្យាល័យមួយដែលមានឈ្មោះថា «University of Jihad» ដើម្បីបង្ហាត់បង្រៀនភេរវករជំនាន់ក្រោយឲ្យចេះពីរបៀបធ្វើភេរវកម្មជាដើម។
តាមការចេញផ្សាយរបស់សារព័ត៌មាន Sky News នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ ម្សិលមិញនេះ បានឲ្យដឹងថា សកលវិទ្យាល័យរបស់ក្រុមឧទ្ទាម ISIS នឹងធ្វើការបង្រៀនទៅលើជំនាញច្នៃ និងផលិតមីស៊ីល ព្រមទាំងរបៀបច្នៃរថយន្តសម្រាប់បំផ្ទុះអត្តឃាត ហើយបើតាមការប៉ាន់ប្រមាណគឺមីស៊ីលច្នៃនេះហើយដែលបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររុស្ស៊ីនៅអេហ្ស៊ីប។
គួរបញ្ជាក់ផងដែរថា ថ្នាក់បណ្ដុះបណ្ដាលជំនាញភេរវកម្ម និងអត្តឃាតនេះ ត្រូវបានគេដឹងថា នឹងទទួលសិស្សមកពីច្រើនប្រទេសផ្សេងគ្នាដូចជា ស៊ីរី ទុយណេស៊ី អេហ្ស៊ីប ប៉ាគីស្ថាន ស៊ូដង់និងសូម៉ាលី
ជាដើម ដែលសុទ្ធសឹងតែជាសកម្មប្រយុទ្ធ និងសម្ព័ន្ធមិត្តរបស់ក្រុម ISIS៕