(ឧត្ដរមានជ័យ)៖ លោក ហាយ ណាំហេង ប្រធានអង្គការដើមលាភ បានអញ្ជើញចូលរួម ចុះផ្សព្វផ្សាយអំពីវិធានការបង្ការ និងការពារការឆ្លងជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយជួយពិនិត្យសុខភាព ព្រមទាំងវាស់កម្តៅជូនថ្នាក់ដឹកនាំ និងសមាជិករបស់ខ្លួន។
ក្នុងឱកាសនោះ ដែលមានការដឹកនាំពី លោកវេជ្ជបណ្ឌិត ម៉ៅ ឈុំ ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់អង្គការដើមលាភ នៅទីស្នាក់ការសាខាប្រចាំ ខេត្តឧត្តរមានជ័យ ស្ថិតនៅភូមិច្រាបស្វា ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាពេលថ្មីៗនេះ។
បើតាមលោក ហាយ ណាំហេង បានឲ្យដឹងថា អង្គការដើមលាភ មានគោលបំណង ចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ស្របតាមគោលនយោបាយយុទ្ធសាស្ដ្រ ចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៖
* ជួយជាមនុស្សធម៌ ដល់ប្រជាជនទូទៅ
* ចែករំលែកបទពិសោធន៍ ឲ្យមានការយល់ដឹង និងជួយដល់កុមារក្រីក្រ ជនពិការគ្មានទីពឹង
* ពង្រីក និងពង្រឹងចំណេះដឹង បទពិសោធន៍ និងលើកកម្ពស់ជីវភាពគ្រួសារ ឲ្យមានភាពធូរធា និងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋានឲ្យស្របតាមកំណើន សេដ្ឋកិច្ចរបស់ប្រទេសជាតិ
* ចូលរួមការពារ និងថែរក្សាព្រៃឈើ សត្វព្រៃ និងបរិស្ថាន ព្រមទាំងបង្កើតឲ្យមានស្ថានីយ៍បណ្តុះ និងដាំកូនឈើ
* បង្កើន និងពង្រីកសកម្មភាពសប្បុរធម៌ ដល់អ្នកដែលត្រូវការជាចាំបាច់។
លោក ហាយ ណាំហេង ក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន១លានរៀល ជូនក្រសួងសុខាភិបាល ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ផងដែរ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបថា រហូតមកដល់ពេលនេះ មានអ្នកជំងឺចំនួន៥០នាក់ហើយ បានជាសះស្បើយ ហើយត្រូវបានចាកចេញពីមន្ទីរពេទ្យមួយចំនួន ក្នុងប្រទេសកម្ពុជា ខណៈដែលអ្នកកំពុងសម្រាកព្យាបាលសរុប នៅក្នុងប្រទេសកម្ពុជា មានចំនួន៦៤នាក់ ក្នុងចំណោមកូវីដ១១៤ករណី គិតត្រឹមថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០៕