(ភ្នំពេញ)៖ លោក កែប ជុតិមា អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខណ្ឌដង្កោ ដោយមានចូលរួមពីលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ លោក ជ គឹមស័រ អភិបាលរងខណ្ឌ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅសហគមន៍អន្លង់គងថ្មី ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។
លោក កែប ជុតិមា បានផ្ដាំផ្ញើឱ្យពលរដ្ឋនៅក្នុងសហគមន៍នេះថែទាំអនាម័យខ្លួនជាប់ជាប្រចាំ ហើយចៀសវាងកុំនៅជុំគ្នាច្រើន ឧស្សាហ៍លាងដៃដោយសាប៊ូ។ បញ្ហាមិនធ្ងន់ធ្ងរទេ តែបញ្ហាសំខាន់ គឺមិនបានដើរលេងទៅណា។ បើមានបញ្ហាក្តៅខ្លួន សូមប្រាប់អាជ្ញាធរភូមិ សមត្ថកិច្ច ហើយត្រូវទៅពេទ្យភ្លាម បើសង្ស័យថាអត់ស្រួល ពិសេសអ្នកមកពីក្រៅ ត្រូវរាយការណ៍ប្រាប់សមត្ថកិច្ច។
លោក កែប ជុតិមា បានថ្លែងបញ្ជាក់ថា «យើងមិនមែនការពារតែខ្លួនយើងនោះទេ គឺយើងការពារដល់គ្រួសារ ប្រពន្ឋ កូនយើង ពិសេសការពារដល់សហគមន៍យើង ។ ព្រោះជំងឺនេះឆ្លងលឿនណាស់ តែមិនធ្វើអោយស្លាប់នោះទេ បើយើងការពារអនាម័យបានល្អនោះ» ។
លោកបានលើកឡើងជម្រាបជូនប្រជាពលរដ្ឋពីគ្រោះថ្នាក់នៃជំងឺឆ្លងកូវីដ១៩ ដែលមកទល់បច្ចុប្បន្ននេះបានឆ្លងជាសកលនៅស្ទើរគ្រប់ប្រទេសលើពិភពលោក។ ដោយឡែកនៅកម្ពុជា ទោះបីជំងឺនេះមិនទាន់ឆ្លងរាលដាលធ្ងន់ធ្ងរនៅឡើយ ហើយមានអ្នកជំងឺជាសះស្បើយខ្លះក៏ដោយក្តី ប៉ុន្តែមិនទាន់មានសញ្ញាស្រាកស្រាន្តនៅឡើយទេ។
ហេតុនេះ ត្រូវចូលរួមយ៉ាងសកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នេះបន្តទៅទៀតតាមការដឹកនាំរបស់រាជរដ្ឋាភិបាល និងការណែនាំវេជ្ជសាស្ត្ររបស់ក្រសួងសុខាភិបាលជាអាទិ៍៖ ការរស់នៅមានអនាម័យខ្ជាប់ខ្ជួន លាងដៃដុសសាប៊ូញឹកញាប់ ក្នុងទំនាក់ទំនងគ្នាទៅវិញទៅមកត្រូវរក្សាគំលាតសមស្របនិងពាក់ម៉ាសការពារផ្លូវដង្កើម ពិសេសចៀសវាងដាច់ខាតការប្រមូលផ្តុំមានមនុស្សច្រើន។ល។
ទន្ទឹមនោះ ត្រូវរួបរួមសាមគ្គីគ្នារក្សាប្រក្រតីភាពជីវិតរស់នៅប្រចាំថ្ងៃ ការពារសុខភាពផ្ទាល់ខ្លួននិងគ្រួសារ ការពារសុខភាពសាធារណៈ ដើម្បីបង្ការទប់ស្កាត់ដាច់ខាតមិនឱ្យជំងឺនេះឆ្លងរាលដាលក្នុងសហគមន៍ ពិសេសក្នុងស្ថានភាពជាក់ស្តែងនៃចលនា ពលករអ្នកមកពីក្រៅ និងក្រៅប្រទេសវិលត្រឡប់មកកាន់មូលដ្ឋានភូមិ ស្រុកកំណើតរបស់ខ្លួនវិញ។
ម្យ៉ាងវិញទៀត ត្រូវចេះសាមគ្គីជួយយកអាសារគ្នាទាំងក្នុងពេលមានគ្រោះភ័យនៃជំងឺឆ្លង COVID-19 ទាំងក្នុងពេលពុះពារឆ្លងកាត់ការលំបាកដែលជាផលប៉ះពាល់នៃវិបត្តិ COVID-19 នេះ ទៅលើសេដ្ឋកិច្ច និងសង្គមកិច្ចក្នុងសហគមន៍។
លោក ជ គឹមស័រ អភិបាលរងខណ្ឌដង្កោ និងជាអនុប្រធានអចិន្ត្រៃយ៍បក្សខណ្ឌដង្កោ បានឱ្យដឹងថា នាពេលនេះដើម្បីចូលរួមថែរក្សាអនាម័យ និងទប់ស្កាត់ការឆ្លងមេរោគ COVID-19 លោក កែប ជុតិមា បានផ្តល់ក្រមា និងអង្ករ ដល់មេគ្រួសារបក្ស ចំនួន១២០នាក់ និងថវិកា សមាជិកបក្ស ចំនួន ៧០នាក់ផងដែរ៕