(ភ្នំពេញ)៖ ខណៈដែលប្រទេសធំៗនៅលើពិភពលោក ដូចជាអាមេរិក អឺរ៉ុបជាដើម កំពុងកើតមានការផ្ទុះជំងឺកូវីដ១៩នោះ សម្រាប់នៅកម្ពុជា សកម្មភាពវិនិយោគថ្មីៗនៅតែមានជាបន្តបន្ទាប់, ជាក់ស្តែងក្នុងសប្តាហ៍នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការទទួលយកគម្រោងវិនិយោគ បានអនុម័តនូវគម្រោងវិនិយោគថ្មីៗចំនួន១៧ សរុបទុនវិនិយោគជាង៥០០លានដុល្លារ។

យោងតាម Facebook ផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលកត់ការនូវការអនុម័តគម្រោងវិនិយោគថ្មីៗទាំង១៧នោះរួមមាន៖

១៖ ក្រុមហ៊ុន PRECISE ELECTRIC MANUFACTURING (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិត Transformer និងផ្គុំដំឡើង Switchboard ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៥កន្លែង។

២៖ ក្រុមហ៊ុន JU WANG FOOTWEAR CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ៦ A ភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ៦.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៤០០កន្លែង។

៣៖ ក្រុមហ៊ុន IMPERIAL STAR SOLAR (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៩៨កន្លែង។

៤៖ ក្រុមហ៊ុន TOPEC ELECTRIC CO., LTD. គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើងគ្រប់ប្រភេទ (Wires, Cables) និងផ្គុំដំឡើងសម្ភារៈបរិក្ខារអគ្គិសនី (Meter Box) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ ៨.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៧៩កន្លែង។

៥៖ ក្រុមហ៊ុន VISCOT PRODUCTS CO., LTD. គម្រោងបង្កើតរោងចក្រផលិតសម្ភារៈតុបតែងសក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសម្តេចឳ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១១.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៦៤កន្លែង។

៦៖ ក្រុមហ៊ុន SUNDANCE INDUSTRIES CO., LTD. គម្រោងបង្កើតរោងចក្រផលិតសំបកកង់រថយន្តគ្រប់ប្រភេទ និងគ្រឿងបង្គុំកង់រថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទំពាម ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣២.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៣២កន្លែង។

៧៖ ក្រុមហ៊ុន KEPSTAR DATA CENTRE MANAGEMENT CO., LTD. គម្រោងសាងសង់ និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ១០២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៩០កន្លែង។

៨៖ ក្រុមហ៊ុន AN RONG ZHI YE CO., LTD. គម្រោងបង្កើតរោងចក្រផលិតក្រដាសទ្រនាប់ពុម្ព (សម្លៀកបំពាក់ ស្បែកជើង កាបូប) ក្រដាសម៉ាកឃឺ និងក្រដាសវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤៩នាក់។

៩៖ ក្រុមហ៊ុន YON GUI AGRICULTURE TECHNOLOGY CO., LTD. គម្រោងបង្កើតរោងចក្រផលិតម្សៅមី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង មានទុនវិនិយោគប្រមាណ ២.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៣កន្លែង។

១០៖ ក្រុមហ៊ុន JINTEK CELLS TECHNOLOGY CO., LTD. គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៧.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤៨កន្លែង។

១១៖ ក្រុមហ៊ុន SHINE HANUMAN TRADING CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានទុនវិនិយោគប្រមាណ ១០.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៤កន្លែង។

១២៖ ក្រុមហ៊ុន YQL (CAMBODIA) INVESTMENT CO., LTD. គម្រោងបង្កើតកសិដ្ឋានដាំដំណាំចេក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងកេត ឃុំព្រែកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ១២.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៨៦៧កន្លែង។

១៣៖ ក្រុមហ៊ុន XIGANGYIHAO INTERNATIONAL INVESTMENT CO., LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៣ ចំនួន៧១០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥៩.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៦០កន្លែង។

១៤៖ ក្រុមហ៊ុន SING-SPECIALISTS MEDICAL CENTRE CO., LTD. គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពហុព្យាបាលជម្ងឺ ចំនួន៥០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ៨១ ភូមិ១០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៩៦.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៣៣កន្លែង។

១៥៖ ក្រុមហ៊ុន HANUMAN BEVERAGES CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ១៦០.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៥៤៥កន្លែង។

១៦៖ ក្រុមហ៊ុន HONG YUAN SHUN PLASTIC CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បោងប្លាស្ទីកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអន្លង់ស្វាយ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៧កន្លែង។

១៧៖ ក្រុមហ៊ុន HONG DE SHENG (CAMBODIA) STEEL CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១៦.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨៤កន្លែង៕