(ភ្នំពេញ)៖ ព្រះសង្ឃមួយចំនួននៅកម្ពុជាហាក់មានទស្សនៈខុសៗគ្នា ទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលអាចនឹងតម្រូវឱ្យប្រជាពលរដ្ឋ ពាក់មួកសុវត្ថិភាព នៅពេលនិមន្តតាមម៉ូតូម្តងៗ។ ដោយឡែកលើករណីព្រះសង្ឃពាក់មួកសុវត្ថិភាពឬអត់ នេះមានព្រះសង្ឃខ្លះគាំទ្រ ប៉ុន្តែព្រះសង្ឃខ្លះទៀត មិនគាំទ្រនោះទេ ដោយសំអាងថា ខុសធម៌វិន័យ។
ព្រះតេជគុណ ប៊ុត ប៊ុនទិញ ស្ថាបនិកនៃបណ្តាញព្រះសង្ឃឯករាជ្យ បានមានសង្ឃដីកាគាំទ្រទៅនឹង ការតម្រូវឱ្យព្រះសង្ឃពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពដល់ព្រះសង្ឃនិមន្ត តាមម៉ូតូទៅណាមកណា។
ព្រះសង្ឃបានមានសង្ឃដីកាថា «រឿងព្រះសង្ឃពាក់មួកនេះ បើក្នុងវិន័យគឺខុស ព្រោះព្រះសង្ឃមិនគួរនឹងពាក់មួកនោះទេ ក៏ប៉ុន្តែដោយយើង គិតគូពីសុវត្ថិភាពសង្គម អត់មានអ្វីខុសទេ ពីព្រោះវានឹងជួយការពារអាយុជីវិតព្រះសង្ឃផង»។
ចំណែកសង្ឃទីប្រឹក្សា ព្រះតេជគុណ ហោ សុខុន ព្រះចៅអធិការវត្តច្បារអំពៅ ក៏ហាក់បានសម្តែងនូវការគាំទ្រចំពោះការតម្រូវឱ្យ ព្រះសង្ឃពាក់មួកសុវត្ថិភាពនេះដែរ។ ព្រះសង្ឃមានសង្ឃដីកាថា ព្រះសង្ឃទាំងអស់ ត្រូវគោរពតាមពុទ្ធឱវាទ, ហើយពុទ្ធឱវាទបានតម្រូវឱ្យព្រះសង្ឃ ដែលគង់នៅក្នុងស្រុកប្រទេសណាក៏ដោយ ត្រូវចូលរួមគោរពច្បាប់ប្រទេសនោះ ឬច្បាប់គណៈកម្មាធិការសង្ឃ ដូច្នេះបើប្រទេសតម្រូវឱ្យពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពព្រះសង្ឃ ព្រះសង្ឃត្រូវគោរពតាមដែរ, ព្រោះព្រះពុទ្ធអង្គម្ចាស់ កាលនៅមានព្រះជន្ម ព្រះពុទ្ធក៏មានពុទ្ធដីកាថា ភិក្ខុសង្ឃទាំងឡាយត្រូវគោរពតាមអាណាចក្រនៃភូមិ ស្រុក ឬប្រទេសនោះ។
ទោះជាយ៉ាងនេះក្តីព្រះភិក្ខុ មាន ស៊ី ព្រះចៅអធិការវត្តភ្នំរាប់បាត ស្ថិតនៅឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ពុំបានគាំទ្រទៅនឹង ការតម្រូវឱ្យព្រះសង្ឃពាក់មួកសុវត្ថិភាពនេះនោះទេ ដោយព្រះអង្គបានមានសង្ឃដីកាថា វិន័យធម៌ពុំបានចែងបែបនេះ ហើយថា ការយកអ្វីមកដាក់លើ ព្រះកេសរបស់ព្រះសង្ឃ គឺខុសនឹងវិន័យធម៌។
មាត្រាទី៨ ចំណុចទី៨ នៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បានតម្រូវឱ្យអ្នកធ្វើដំណើរតាមម៉ូតូទាំងអស់ ពាក់មួកសុវត្ថិភាព ដែលក្នុងនោះមានទាំង កុមារអាយុ៣ឆ្នាំឡើងទៅផងដែរ។ ច្បាប់នេះមិនបានចែងលម្អិតអំពីករណីលើកលែងដល់ ព្រះសង្ឃពាក់មួកសុវត្ថិភាពនោះទេ។ នៅព្រឹកមិញនេះ សមត្ថកិច្ចជំនាញបានប្រជុំពិភាក្សាគ្នា ដើម្បីចេញសេចក្តីបំភ្លឺមួយថា តើត្រូវតម្រូវឱ្យព្រះសង្ឃពាក់មួកសុវត្ថិភាព ឬយ៉ាងណា៕