(កណ្តាល)៖ លោកស្រី ឃួន សុដារី អ្នកតំណាងរាស្ត្រមណ្ឌលកណ្តាល នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦នេះ បានប្រារព្ធទិវាខួបលើកទី៣៧ នៃទិវាជ័យជំនះ៧មករា (៧ មករា ១៩៧៩-៧ មករា ២០១៦) នៅស្រុកលើកដែក ខេត្តកណ្តាល។
ក្នុងឱកាសនោះ លោកស្រី ឃួន សុដារី បានថ្លែងថា កូនខ្មែរគ្រប់រូប និងគ្រប់ជំនាន់ពិសេសអ្នកដែលសល់ពីការកាប់សម្លាប់ចងចាំជានិច្ច ក្នុងដួងចិត្តចំពោះទិវាជាប្រវត្តិសាស្ត្រ៧មករា ហើយបានចាត់ទុកថា ៧មករា ជាថ្ងៃកំណើតទី២ នៃការរស់រានមានជីវិតឡើងវិញ និងរួចផុតពីការកាប់សម្លាប់ និងមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ។
លោកស្រីប្រធានគណៈពង្រឹងស្រុកលើកដែកបានលើឡើងពី ការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំ និងជំរុញការអភិវឌ្ឍជាតិ ធ្វើឲ្យសេដ្ឋកិច្ចធានា បានកំណើនក្នុងរង្វន់៧ភាគរយ ក្នុងឆ្នាំ២០១៦នេះ។
លោកស្រី ឃួន សុដារី បានបញ្ជាក់នូវសភាពការណ៍នយោបាយ ក្នុងប្រទេសបច្ចុប្បន្នថា គណបក្សប្រជាជនកម្ពុជា នៅតែបន្តអនុវត្តវប្បធម៌សន្ទនារវាងគណបក្សទាំង២ ដែលមានអសនៈក្នុងសភា ដោយឈរលើមូលដ្ឋានរួមនាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥កន្លងមកនេះ គោលបំណងរបស់គណបក្សប្រជាជនកម្ពុជា គឺនាំមកនូវសុខសន្តិភាព ស្ថិរភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកាន់តែធូរធាឡើង៕