(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាអនុប្រធានទី១ គណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយមន្ត្រីជួរមុខក្រុមការងារក្នុងយុទ្ធនាការផ្សព្វផ្សាយកំចាត់ជំងឺ កូវីត19 ( COVID-19 ) ក្នុងស្រុកលើកដែក ។
ក្នុងឱកាសនេះ លោកស្រីបានផ្តាំឱ្យមន្រ្តីជួរមុខនៃបណ្តាភូមិ ឃុំ ក្នុងស្រុកលើកដែកទាំងអស់ ធ្វើការយកចិត្តទុកដាក់ជាប្រចាំក្នុងការបញ្រ្ជាបការយល់ដឹងឱ្យបានច្បាស់អំពីវីធីការពារខ្លួន បង្ការទប់ស្កាត់ការឆ្លងជំងឹដ៏កាចសាហាវនេះ.
ជាមួយនេះដែរ លោកស្រីក៏បានសង្កត់ធ្ងន់ចំពោះការត្រូវគ្រប់គ្រងឱ្យបានចំពោះប្រជាពលរដ្ឋ ចំណូលស្រុកមកពីក្រៅប្រទេស ត្រូវតាមដានពីស្ថានភាពសុខភាពរបស់ពួកគាត់ឱ្យបានដិតដល់ បើមានករណីសង្ស័យត្រូវផ្តល់ព័ត៌មានដល់ផ្នែកសុខាភិបាល ឱ្យចុះទៅអន្តរាគមន៍ជាបន្ទាន់។
ក្រោយពីបាន ពន្យល់បន្ថែមនូវវិធានការចាំបាច់នានាទៅតាមការណែនាំរបស់ក្រសួងសុខភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា លោកស្រីក៏បានប្រគល់ជូនសម្ភារៈរួមមាន៖ ម៉ាស ចំនួន ១ម៉ឺន និងទឹកអាកុលលាងសំលាប់មេរោគចំនួន ១៥០ លីត្រ ដើម្បីយកទៅប្រើប្រាស់ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងជាមួយមេរោគ COVID-19 ដែលកំពុងតែរីករាលដាល និងកំពុងកើតឡើងនៅពេលនេះ។
លោកស្រីក៏បានលើកទឹកចិត្តដោយបានប្រគល់ជូននូវថវិកាឧបត្ថម្ភ ដល់ក្រុមការងារស្រុកចំនួន ២លានរៀល អ្នកចូលរួម ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀល និងបានឧបត្ថម្ភកងកំលាំង 50ម៉ឺនរៀលផងដែរ។
គួរបញ្ជាក់ថា ក្នុងពេលដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរ កំពុងជួបនូវការរាតត្បាតនៃជំងឺកូវីដ១៩នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានអំពាវនាវដល់វិស័យឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាលរួមគ្នាប្រយុទ្ធប្រឆាំងនឹងការវាយលុកពីជំងឺដ៏អាក្រក់នេះ។
គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ ជាដំណឹងល្អ គឺមិនមានករណីឆ្លងកូវីដបន្ថែមទេ ខណៈអ្នកជាសះស្បើយពីជំងឺកូវីដ១៩ មានចំនួន៤៩នាក់ នៃអ្នកឆ្លងសរុប ១១៤នាក់៕