(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នាថ្មីៗនេះបានសម្រេចឱ្យប្រជាពលរដ្ឋធ្វើប័ណ្ណសម្គាល់ម៉ូតូ ដោយពុំចាំបាច់បិទរូបថត តាមសំណើរបស់ក្រសួងមហាផ្ទៃ។
នៅក្នុងលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើទៅកាន់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែល Fresh News ទទួលបាន នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ បានឱ្យដឹងថា៖ ចំពោះសំណើរបស់ក្រសួងមហាផ្ទៃ ដែលបានស្នើសុំគោលការណ៍ អនុញ្ញាតឱ្យរាជធានីភ្នំពេញ ជាពិសេសគ្រប់ខណ្ឌទាំងអស់ ដែលបានទទួលប្រតិកម្មលើការចុះបញ្ជីទោចក្រក្រយានយន្ត (ម៉ូតូ) ធ្វើបណ្ណសម្គាល់ដោយពុំចាំបាច់បិទរូបថត លើបណ្ណសម្គាល់ម៉ូតូនោះ រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមតាមសំណើរ។
សូមជំរាបថា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ នៅពេលអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏បានប្រកាសបញ្ចុះតម្លៃធ្វើប័ណ្ណបើកបរម៉ូតូពី ៦ម៉ឺនរៀល មកនៅត្រឹមតែ ២៥,០០០រៀលផងដែរ ហើយសម្តេចអំពាវនាវឲ្យ ប្រជាពលរដ្ឋទាំងអស់នាំគ្នាទៅធ្វើប័ណ្ណបើកបរម៉ូតូ និងប្រកាសបន្តអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដោយមិនរាថយឡើយ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដូច្នេះ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតី បើកសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស ៥ មករា នៅជាប់សាលាតិចណូ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦នេះ៕