(ព្រៃវែង)៖ លោក ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យ និងចាត់ចែងការងារប្រយុទ្ធប្រឆាំងកូវីដ១៩ នៅទូទាំងស្រុកកំចាយមារ និង នាំយកអំណោយជូនរដ្ឋបាលស្រុកកំចាយមារ ដែលកំពុងធ្វើការងារប្រយុទ្ធនឹងជំងឺកូវីដ១៩។
ក្នុងឱកាសនោះ លោក ស្តើង សុខុម បានជម្រាបជូនក្រុមការងារថ្នាក់ជាតិ និង រដ្ឋបាលស្រុកអំពីសភាពការណ៍នៃការរីករាលដាលនៃមេរោគកូវីដ១៩ នៅកម្ពុជា និងវិធានការសំខាន់ៗដែលរាជរដ្ឋាភិបាល បានដាក់ចេញជាបន្តបន្ទាប់ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩នេះ។ លោក ស្តើង សុខុម ក៏បានថ្លែងកាតកោតសរសើរចំពោះថ្នាក់ដឹកនាំស្រុកថ្នាក់ដឹកនាំឃុំ ដែលធ្វើការងារបានយ៉ាងល្អទៅតាមភារកិច្ចរបស់ខ្លួន ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩នេះ។
លោកប្រធានក្រុមការងារ ក៏បានណែនាំ និងដាក់ចេញវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការចម្លងជំងឺពីសំណាក់ពលរដ្ឋមកពីប្រទេសថៃផងដែរ។ លោក ស្តើង សុខុម ណែនាំក្រុមការងារចុះណែនាំពលរដ្ឋមកពីថៃឱ្យនៅដាច់ដោយឡែកពីក្រុមគ្រួសាររយៈពេល ១៤ថ្ងៃ ដើម្បីបញ្ចៀសការចម្លងជំងឺកូវីដ១៩ទៅគ្រួសារ និងពលរដ្ឋក្នុងភូមិ។
លោក ស្តើង សុខុម ណែនាំដល់ក្រុមការងារ និងអាជ្ញាធរនៅក្នុងស្រុកយ៉ាងដូច្នេះ «បើទោះបីជាស្រុកកំចាយមាររបស់យើងមិនទាន់មានអ្នកឆ្លង ជំងឺកូវីដ១៩ ប៉ុន្តែរដ្ឋបាលស្រុកត្រូវតែបន្តយកចិត្តទុដាក់បំផុតពង្រឹងការអនុវត្តទាំងវិធានការបង្ការ ការពារ និង វិធានការផ្សព្វផ្សាយអប់រំណែនាំដើម្បីបង្ការទប់ស្កាត់នូវការ ឆ្លងរាលដាលនៃជំងឺនេះហើយក្នុងកាលៈទេសៈដែលរាជរដ្ឋាភិបាលក៏ដូចជាស្រុកកំពុងអនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ១៩នេះ ។ វិធានការមួយ ដ៏សំខាន់គឺមន្រ្តីត្រូវធ្វើការណែនាំដល់ពលរដ្ឋអំពីវិន័យផ្ទាល់ខ្លួន និង ភាពច្បាស់លាស់ក្នុងការរស់នៅគឹចាំបាច់ណាស់ត្រូវម្ចាស់ការប្រសិនជាសង្ស័យថាខ្លួនមានបញ្ហាសុខ ភាពអាចឆ្លងកូវីដ១៩ ហើយត្រូវទៅរកពេទ្យនិងត្រូវបង្ខាំងខ្លួនឯងឲ្យនៅដាច់ដោយឡែកពីក្រុមគ្រួសារ»។
នៅថ្ងៃដដែលនេះ លោក ស្តើង សុខុម និងសមាជិកក្រុមការងារព្រមទាំងថ្នាក់ដឹកនាំស្រុកកំចាយមារ បានធ្វើដំណើរចុះពិនិត្យមើលទីតាំងសម្រាប់ដាក់ ពលករចំណាកស្រុកឱ្យនៅដាច់ពីក្រុមគ្រួសាររយៈពេល ១៤ថ្ងៃ នៅឃុំទាំង៨របស់ស្រុក ដែលភាគច្រើនស្ថិតនៅតាមអនុវិទ្យាល័យ។ នៅតាមមណ្ឌលនីមួយៗ លោក ស្តើង សុខុម បានអញ្ជើញពិនិត្យមើលការតភ្ជាប់ទឹក ភ្លើង កន្លែងស្នាក់នៅ បន្ទប់ទឹក និង កន្លែងចំអិន អាហារ ដោយផ្តោតទៅលើវិធានអនាម័យជាធំ ។
នៅទីនោះលោក ក៏បានជួបសំណេះសំណាលជាមួយពលរដ្ឋចំណូលស្រុកដោយបានធ្វើការពន្យល់អំពីមូលហេតុដែលអាជ្ញាធរត្រូវចាប់បង្ខំប្រជាពលរដ្ឋឱ្យស្ថិតនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។ លោកបានបញ្ជាក់ថា ការអនុវត្តន៍វិធានការនេះ ដោយសារជំងឺកូវីដ១៩ ជាជំងឺឆ្លងរាតតបាតលឿន ដូចនេះ វិធានបង្ការការពារចាំបាច់ត្រូវឱ្យនៅដាច់ពីក្រុមគ្រួសារ ១៤ថ្ងៃ ដើម្បីរង់ចាំមើលការវិវឌ្ឍរបស់សុខភាព។ ក្រោយរយៈពេល១៤ថ្ងៃ បើមិនមានលេចចេញរោកសញ្ញាណាមយយទេនោះ នឹងអនុញ្ញាតឱ្យប្រាស្រ័យទាក់ទងគ្រួសារធម្មតាវិញ។
សូមបញ្ជាក់ថា អំណោយដែលលោក ស្តើង សុខុម ត្រូវបានប្រគល់ឱ្យរដ្ឋបាលស្រុកកំចាយមាររួមមានអង្ករចំនួន ៤.៥តោន, ទឹកសុទ្ធ ២០០យួរ, មីចំនួន ១០០កេស ដែលមួយកេសមាន ៥០កញ្ចប់, ទឹកស៊ីអីវ ៥០យួរ, ទឹកត្រី ៥០យួរ និង អំបិល១០០គីឡូក្រាម។ អំណោយនេះ ជូនទៅក្រុមការងារក្នុងឃុំទាំង៨ ក្នុងស្រុកកំចាយមារ ដើម្បីជួយផ្គត់ផ្គង់ដល់ពលរដ្ឋចំណាកស្រុកដែលកំពុងស្នាក់ នៅតាមមណ្ឌលនីមួយៗដែលឃុំបានរៀបចំឲ្យស្នាក់នៅ។
លោក ស្តើង សុខុម ក៏បានស្នើឱ្យប្រធានក្រុមការងារថ្នាក់ជាតិចុះតាមឃុំទាំងអស់ត្រូវរៀបចំផ្តល់ មុង ភួយ កន្ទេល ខ្នើយ និងម្ហូបអាហារសម្រាប់ពលរដ្ឋដែលស្នាក់នៅតាមមណ្ឌលឱ្យបានល្អ។
យោងតាមការបញ្ជាក់របស់លោក ស្តើង សុខុម គិតដល់ថ្ងៃទី៤ ខែមេសា េះស្រុកកំចាយមារទទួលបានពលករចំណាកស្រុកក្នុងប្រទេស និងក្រៅប្រទេសចំនួន ២,៩០៣នាក់ នៅក្នុងឃុំទាំង ៨ របស់ស្រុកកំចាយមារ។ ក្នុងនោះពលករចំណាកស្រុកក្នុងប្រទេសមានចំនួន ២,២១៦នាក់ និង ពលករចំណាកស្រុកក្រៅប្រទេសចំនួន ៦៨៧នាក់៕