(ភ្នំពេញ)៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញឲ្យពិភពលោកកាន់តែច្បាស់ ពីក្រុមគ្រូពេទ្យជំនាញកម្ពុជា ដែលមានសមត្ថភាពខ្ពស់ ក្នុងការជួយសង្គ្រោះអាយុជីវិត របស់ប្រជាពលរដ្ឋ រួចផុតពីជំងឺកូវីដ១៩។
លោក ឌី រ័ត្នខេមរុណ បានថ្លែងបែបនេះ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ក្នុងឱកាសចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី ដែលមានជីវភាពខ្វះខាត ទីទាល់ក្រ ចាស់ជរាគ្មានទីពឹង ចំនួន ២០គ្រួសារ មកពី៨ភូមិ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ពលរដ្ឋជានិច្ច ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។ មិនតែប៉ុណ្ណោះ លោក ឌី រ័ត្នខេមរុណ សំណូមពរដល់ពលរដ្ឋ មេត្តាប្រកាន់ខ្ជាប់នូវសារគន្លឹះសុខភាព ហូបស្អាត អនាម័យស្អាត និងរស់នៅស្អាត ដើម្បីបង្ការជំងឺឆ្លងនានា ជាពិសេសកូវីដ-១៩ ដែលរាជរដ្ឋាភិបាល និងពិភពលោកកំពុងតែមានការព្រួយបារម្ភជាខ្លាំងលើបញ្ហានេះ។ លោកថែមទាំងបានសំណូមពរដល់ប្រជាពលរដ្ឋជាកម្មករ-កម្មការិនីទាំងអស់ មេត្តាទៅពិនិត្យសុខភាព ជាមួយក្រុមគ្រូពេទ្យជំនាញ ឬមណ្ឌលសុខភាពដែលនៅជិត។
លោកបន្ថែមថា «យ៉ាងណាមិញ សូមបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេស ត្រូវនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ កុំឲ្យជួបជុំហូបចុកគ្រឿងស្រវឹង ក្នុងពិធីផ្សេងៗ។ បើនៅក្នុងមន្ទិលសង្ស័យ បងប្អូនអាចទំនាក់ទំនងទៅលេខ ១១៥ ដោយឥតគិតថ្លៃ និងត្រូវអនុវត្តនូវអនុសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាសារអប់រំនានា របស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ កំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង»។
លោក ឌី រ័ត្នខេមរុណឋ បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋទៀតថា «កម្ពុជាសព្វថ្ងៃកំពុងបង្ហាញសញ្ញាវិជ្ជមាន តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ពីការជាសះស្បើយ រហូតដល់១៥នាក់ថ្មីទៀត ដែលធ្វើឲ្យអ្នកជាសះស្បើយសរុបកើនឡើងដល់ ៤៩នាក់ នៃអ្នកឆ្លងសរុប ១១៤នាក់ ហើយជាពិសេសថ្ងៃនេះ គ្មានអ្នកឆ្លងថ្មីទេ»។
ជាចុងបញ្ចប់ លោក ឌី រ័ត្នខេមរុណ បានអំពាវនាវដល់ប្រជាពលរដ្ឋ កម្មករ-កម្មការិនី សូមអនុវត្តន៍វិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដូចខាងក្រោម៖
១៖ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុល ជែល។
២៖ ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ។
៣៖ ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ។
៤៖ ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់។
៥៖ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ។
៦៖ ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ។
សូមបញ្ជាក់ថា អំណោយដែលទទួលបានពីអនុសាខាខណ្ឌមានជ័យ ក្នុងមួយគ្រួសារៗ រួមមាន៖ អង្ករ ១បាវ ៣០គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៉ីអ៉ីវ ១យួរ, ទឹកសុទ្ធ ១កេស, ស្ករស ១គីឡូក្រាម, ម៉ាស់, ក្រម៉ា, សាប៊ូ រួមទាំងថវិកាចំនួន ២០,០០០ រៀល ក្នុងមួយគ្រួសារផងដែរ៕