(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦នេះ បានអញ្ជើញទៅចែកកម្មសិទ្ធិដីចំនួន២១៣៨ប័ណ្ណ ជូនប្រជាពលរដ្ឋ៨១៦ គ្រួសារ ក្នុងគឺភូមិផ្ទះគរ ភូមិព្រែកឈើត្រាវ និងភូមិបឹងឈូក ឃុំកណ្តៀង និងប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យចុះបញ្ជីដីធ្លី ៣ភូមិ ក្នុងឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ លោក ចេង ឡៃ ប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានជម្រាបថា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៥នេះ ក្រុមការងារចុះបញ្ជីដី អនុវត្តបានប្រមូល និងបញ្ចូលទិន្នន័យបាន ១៧៨៥០ក្បាលដី ក្នុងផែនការ ២ម៉ឺនក្បាលដី គូសក្បាលដីបាន ២១០៨០ក្បាលដី បានបញ្ចប់បិទផ្សាយ ១០១១៩ក្បាលដី និងចេញប័ណ្ណបាន១១២៣៤ប័ណ្ណ។
ជាក់ស្តែង ថ្ងៃនេះគណៈកម្មការរដ្ឋបាលដីធ្លីខេត្តសម្រេចផ្តល់ ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ០៣ភូមិ គឺភូមិផ្ទះគរ ភូមិព្រែកឈើត្រាវ និងភូមិបឹងឈូក ឃុំកណ្តៀង ស្រុកកណ្តៀង ចំនួន២១៣៨ប័ណ្ណ ដល់ប្រជាពលរដ្ឋចំនួន៨១៦គ្រួសារ និងបន្តប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីចំនួន ៣ភូមិទៀត គឺភូមិកោះក្រសាំង ភូមិក្បាលរមាស និង ភូមិជ័យជំនះ ក្នុងឃុំអន្លង់វិល ដែលមាន ១៥៥៩ក្បាលដី ស្មើនឹង ៦៤២គ្រួសារ។
លោក ម៉ៅ ធនិន បានថ្លែងថា បន្ទាប់ពីទទួលប័ណ្ណកម្មសិទ្ធិដីរួចហើយ បងប្អូនប្រជាពលរដ្ឋត្រូវរក្សាទុកឲ្យបានល្អ និងត្រូវប្រុងប្រយ័ត្នកុំឲ្យបាត់បង់ ព្រោះវាជាទ្រព្យសម្បត្តិដ៏មាន តម្លៃ និងមានប្រយោជន៍បំផុត។ នៅពេលដែលបងប្អូន មានប័ណ្ណកម្មសិទ្ធិដីនៅក្នុងដៃ បងប្អូនអាចធ្វើជា មរតកឲ្យទៅកូនចៅ អាចដាក់ធានាដើម្បីយកដើមទុនមកអភិវឌ្ឍជីវភាពគ្រួសារ និងជាពិសេស ជៀសវាងបាននូវវិវាទដីធ្លីយ៉ាងពិតប្រាដក។
ពាក្យថាកម្មសិទ្ធិ គឺបងប្អូនមានសិទ្ធិប្រើប្រាស់ អាស្រ័យផល និងសិទ្ធិចាត់ចែង (លក់ដូរ បញ្ចាំ ធ្វើមរតក)។ លោកបានបន្តទៀតថា ប្រទេសយើងក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វ និងឆ្លៀសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាននាំមកនូវសន្តិភាពទូទាំងផ្ទៃប្រទេស ដែលយើងទាំងអស់គ្នាពុំធ្លាប់មានកន្លងមក ការអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើ អោយមាតុភូមិយើងចាប់ផ្តើមមានឈ្មោះ នៅក្នុងតំបន់ និងឆាកអន្តរជាតិផងដែរ។
ស្របពេលជាមួយគ្នានេះ គោលនយោបានដីធ្លីរបស់រាជរដ្ឋាភិបាល កំពុងត្រូវបានអនុវត្តទូទាំងប្រទេស ហើយមានការគ្រាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ពីព្រោះគ្រប់គ្រួសារទាំងអស់កំពុងទទួលបានអត្ថប្រយោជន៍ប្រកប ដោយសមធម៌ពីការអនុវត្តគោលនយោបាយនេះ។ ទន្ទឹមនេះ គោលនយោបាយពាក់ព័ន្ធវិស័យជាច្រើនទៀត កំពុងត្រូវអនុវត្តដូចគ្នា សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធានាអោយការរស់នៅប្រកបដោយភាពសុខដុមរមនា។
លោកអភិបាលខេត្ត បានអំពាវនាវអោយប្រជាពលរដ្ឋចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព តាមរយៈការសហការផ្តល់ព័ត៌ ជូនដល់អាជ្ញាធរគ្រប់លំដាប់ ក្នុងករណីមានភាព អសកម្មណាមួយកើតឡើង ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចអាចអន្តរាគមន៍ និងចាត់វិធានការបានទាន់ពេលវេលា៕