(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីកូរ៉េខាងជើង បានប្រកាសថា ការបំផ្ទុះសាកល្បងគ្រាប់បែកអ៉ីដ្រូសែន (h-bomb) នៅតំបន់ Punggye-ri ទទួលបានជោគជ័យ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦។
លោក Abe បានថ្លែងឲ្យដឹងថា ការបំផ្ទុះសាកល្បងគ្រាប់បែកអ៉ីដ្រូសែននេះ គឺជាសកម្មភាពមួយដែលមិនអាចអត់ឱនឲ្យបាន ហើយក៏ជាទង្វើមួយដែលគំរាមកំហែងដល់ប្រទេសជប៉ុន និងបានរំលោភលើកិច្ចព្រមព្រៀងអង្គការសហប្រជាជាតិ។
នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ មានករណីរញ្ជួយដីមួយបានកើតឡើងនៅតំបន់ Punggye-ri ដែលជាកន្លែង បាញ់សាកល្បងអាវុធនុយក្លែអ៊ែររបស់កូរ៉េខាងជើង ដោយទីភ្នាក់ងារអង្កេតភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដី នេះបានកើតឡើងនៅចម្ងាយប្រមាណជា ៤៩គីឡូម៉ែត្រពីតំបន់ Punggye-ri ដែលជាទីតាំងមួយ សម្រាប់សាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងត្រូវបានគេព្រួយបារម្ភថា ក្រុងព្យុងយ៉ាង ធ្វើការបំផ្ទុះបរមាណូ តែទីបំផុតគឺកូរ៉េខាងជើងពិតជាបំផ្ទុះគ្រាប់បែកអ៉ីដ្រូសែន ដែលជាសមិទ្ធិផលថ្មី។
អ្នកជំនាញអាមេរិកបានលើកឡើងថា គ្រាប់បែកអ៉ីដ្រូសែន ដែលកូរ៉េខាងជើងផលិតនេះគឺមានអនុភាពខ្លាំងជាង ៧ដងនៃគ្រាប់បែក ដែលត្រូវបានសហរដ្ឋអាម៉េរិកទម្លាក់នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា កាលពីឆ្នាំ១៩៤៥កន្លងទៅ៕