(កណ្តាល)៖ លោក ស៊ូ គឹមស៊ុន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ជាប្រធានក្រុមការងារចុះជួយឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល នៅទី០៤ ខែមេសា ឆ្នាំ២០២០ បានដឹកក្រុមការងារចុះដោយផ្ទាល់ដល់មូលដ្ឋានឃុំឆក់ឈើនាង ដើម្បីសាកសួរសុខទុក្ខ ចែកអង្ករ សាប៊ូលាងដៃ ម៉ាស និងដើរបិតសារអប់រំ តាមផ្ទះប្រជាពលរដ្ឋ ព្រមទាំងអប់រំប្រជាពលរដ្ឋ អំពីមេរោគកូវីដ-១៩។

លោក ស៊ូ គឹមស៊ុន បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះដែរ ពិភពលោកកំពុងមានការព្រួយបារម្ភ ពីមេរោគកូវីដ-១៩ ប៉ុន្តែនៅកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទាមទារឲ្យពលរដ្ឋ ត្រូវនាំគ្នាចូលរួមទប់ស្កាត់មេរោគដ៏កាចសាហាវ កូវីដ-១៩នេះ ឲ្យបានទាំងអស់គ្នា។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ ត្រឹមតែ១១៤នាក់ប៉ុណ្ណោះ ក្នុងនោះមានអ្នកជាសះស្បើយ ចំនួន៤៩នាក់ ធ្វើឲ្យអ្នកកំពុងសម្រាកព្យាបាល ធ្លាក់ចុះមកត្រឹម ៦៥នាក់។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕