(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០នេះ ក្រុមការងារស្រុកបាភ្នំ ដែលមានលោក ព្រុំ សុខា ជាប្រធាន ចូលរួមដោយសហការីនិងមន្ត្រីរាជការ កំលាំងសមត្ថកិច្ចស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមខ្នងផ្ទះក្នុងភូមិនៃឃុំបឹងព្រះ ឃុំស្ពឺ (ក) និងឃុំឈើកាច់ ចំនួនសរុប២២ខ្នងផ្ទះ ដែលមានអ្នកចូលរួម ៣៤១នាក់។
ក្នុងឱកាសនោះ លោកប្រធានក្រុមការងារ បានលើកឡើងជម្រាបជូនបងប្អូនប្រជាពលរដ្ឋដោយសង្កត់ធ្ងន់ពីគ្រោះថ្នាក់នៃជំងឺឆ្លងកូវីដ១៩ ដែលមកទល់បច្ចុប្បន្ននេះ ជំងឺដ៏កាចសាហាវនេះ បានឆ្លងជាសកលនៅស្ទើរគ្រប់ប្រទេសលើពិភពលោក។
ដោយឡែកនៅកម្ពុជាយើង ទោះបីជំងឺនេះមិនទាន់ឆ្លងរាលដាលធ្ងន់ធ្ងរនៅឡើយ ហើយមានអ្នកជំងឺជាសះស្បើយខ្លះក៏ដោយក្តី ប៉ុន្តែមិនទាន់មានសញ្ញាស្រាកស្រាន្តនៅឡើយទេ។
ហេតុនេះ យើងត្រូវចូលរួមយ៉ាងសកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នេះបន្តទៅទៀតតាមការដឹកនាំរបស់រាជរដ្ឋាភិបាលនិងការណែនាំវេជ្ជសាស្ត្ររបស់ក្រសួងសុខាភិបាលជាអាទិ៍៖ ការរស់នៅមានអនាម័យខ្ជាប់ខ្ជួន លាងដៃដុសសាប៊ូញឹកញាប់ ក្នុងទំនាក់ទំនងគ្នាទៅវិញទៅមកត្រូវរក្សាគំលាតសមស្របនិងពាក់ម៉ាសការពារផ្លូវដង្កើម ពិសេសចៀសវាងដាច់ខាតការប្រមូលផ្តុំមានមនុស្សច្រើន។ល។
ទន្ទឹមនោះ ត្រូវរួបរួមសាមគ្គីគ្នារក្សាប្រក្រតីភាពជីវិតរស់នៅប្រចាំថ្ងៃ ការពារសុខភាពផ្ទាល់ខ្លួននិងគ្រួសារ ការពារសុខភាពសាធារណៈ ដើម្បីបង្ការទប់ស្កាត់ដាច់ខាតមិនឱ្យជំងឺនេះឆ្លងរាលដាលក្នុងសហគមន៍ ពិសេសក្នុងស្ថានភាពជាក់ស្តែងនៃចលនាកម្មករ ពលករចំណាកស្រុកទាំងក្នុងនិងក្រៅប្រទេសវិលត្រឡប់មកកាន់មូលដ្ឋានភូមិ ឃុំស្រុកកំណើតរបស់ខ្លួនវិញ។
ម្យ៉ាងវិញទៀត ត្រូវចេះសាមគ្គីជួយយកអាសារគ្នាទាំងក្នុងពេលមានគ្រោះភ័យនៃជំងឺឆ្លងកូវីដ១៩ទាំងក្នុងពេលពុះពារឆ្លងកាត់ការលំបាកដែលជាផលប៉ះពាល់នៃវិបត្តិកូវីដ១៩នេះ ទៅលើសេដ្ឋកិច្ចនិងសង្គមកិច្ចក្នុងសហគមន៍។ ក្នុងពេលនោះដែរ ក្រុមការងារក៏បានចែកអំណោយជាម៉ាសពាក់មុខនិងសាប៊ូ ព្រមទាំងស្បៀងអាហារមួយចំនួន៕