(រតនគិរី)៖ អធិការនគរបាលស្រុកតាវែង ខេត្តរតនគិរី លោកវរសេនីយ៍ទោ សម្បត្តិ កុសលចិត្ត បានផ្ទុះអាវុធខ្លីប្រមាណ ១០គ្រាប់ គំរាមកូនចៅ តែត្រូវបានមន្ត្រីនគរបាលជិត ២០នាក់ ផ្តិតមេដៃប្តឹង ហើយពេលនេះត្រូវបានថ្នាក់លើឲ្យមកបង្ហាញខ្លួននៅការិយាល័យបុគ្គលិក នៃស្នងការនគរបាលខេត្តរតនគិរីរង់ ចាំបទបញ្ជាថ្នាក់លើ។

នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកឧត្តមសេនីយ៍ត្រី ហ្វង ប៊ុនថាណម ស្នងការរងទទួលផែនការងារធនធានមនុស្សនៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០។

សូមបញ្ជាក់ថា ករណីផ្ទុះអាវុធខ្លីម៉ាកឡុកគំរាមកូនចៅនេះកើតឡើងកាលពីវេលាម៉ោង១០៖៣០នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០កន្លងទៅ។

មន្ត្រីនគរបាលស្រុកតាវែង ចាប់ពីអធិការរងរហូតដល់មន្ត្រីចំនួន ១៩នាក់ នាំគ្នាផ្តិតមេដៃប្តឹងមកលោកស្នងការនគរបាលខេត្ត ឲ្យជួយរកយុត្តិធ៌មដូចរៀបរាប់ខាងក្រោម៖

*ទី១៖ គាត់អួតក្អេងក្អាងថា គាត់មានខ្នងធំគ្មានអ្នកណាធ្វើអីគាត់បានទេ
*ទី២៖ គាត់ថាមកកាន់អធិការនេះ គឺអស់លុយចំនួន៥ទៅ៦ម៉ឺនដុល្លារ
*ទី៣៖ មើលងាយ និងជេថា ពួកអាប៉ូលីសអាចម៌ក្តរមិនចេះយកលុយពីអ្នករកស៊ី ដឹកគ្រាប់ស្វាយចន្ទី ដឹកបន្លែ ផ្លែឈើ ត្រីសាច់ជាដើម និងគំរាមយើងខ្ញុំឲ្យដោះសំលៀកបំពាក់ឯកសណ្ឋានចេញ
*ទី៤៖ គំរាមផ្លាស់ប្តូរ និងដកចេញយើងខ្ញុំពីក្របខណ្ឌគ្រប់ពេលវេលាដោយគ្មានមូលហេតុ
*ទី៥៖ ប្រើអំពើហិង្សាទាត់មន្ត្រីម្នាក់ និងស្រាយអង្រឹងទាំងយប់គ្មានមូលហេតុ
*ទី៦៖ អនុវត្តលើសពីច្បាប់នៃវិន័យកងកម្លាំងលេខ០៦ នៃនគរបាលជាតិ
*ទី៧៖ នៅពេលមានកម្មវិធីនៅអង្គភាពមិនមានសហការទំនាក់ទំនងគ្មានសាមគ្គីភាព និងឲ្យតម្លៃអធិការរងទេ ពិសេសពេលភ្ញៀវមកហូបចុកអធិការរង និងមន្ត្រីមិនឲ្យនៅក្បែរទេ
*ទី៨៖ ប្រជាពលរដ្ឋដឹកបង្គោលរបង និងឈើធ្វើផ្ទះបន្តិចបន្តួច បញ្ជាឲ្យចាប់យកមកប៉ុស្តិ៍ឲ្យបង់លុយសិនទើបរួចខ្លួន
*ទី៩៖ ប្រជាពលរដ្ឋកំពុងតែមានចិត្តថ្នាំងថ្នាក់ជាមួយយើងខ្ញុំ ដែលជាកូនចៅអនុវត្តបទបញ្ជារបស់គាត់ និងពិសេសប៉ះពាល់ដល់នយោបាយ សតិអារម្មណ៍របស់គាត់នៅពេលបោះឆ្នោតពេលខាងមុខ
*ទី១០៖ លុយបានមកពីកៀបប្រជាពលរដ្ឋ និងពីបទល្មើសនានាគាត់យកទៅចាយវាយប្រើប្រាស់តែម្នាក់ឯងគ្មានតម្លាភាព សូម្បីតែអធិការរងណាម្នាក់កុំថាឡើយ មន្ត្រីក៏មិនឲ្យដឹងផង និងនៅពេលយាមល្បាតមិនមានទិញសូម្បីទឹកសុទ្ធគាត់ប្រើកម្លាំងរកលុយឲ្យតែបុគ្គលគាត់តែប៉ុណ្ណោះ។

ក្នុងពាក្យបណ្តឹងដដែលខាងលើគឺសំណូមពរ៖

*ទី១៖ ចាត់វិធានការតាមផ្លូវច្បាប់អំពីបទល្មើសព្រហ្មទណ្ឌប្រើប្រាស់អាវុធខុសច្បាប់បាញ់ប្រហារមកលើកងកម្លាំង និងប៉ុនប៉ងធ្វើមនុស្សឃាតតាមមាត្រា២០៧
*ទី២៖ ស្នើសុំធ្វើការផ្លាស់ប្តូរលោក សម្បត្តិ កុសល ចេញពីអធិការនគរបាលស្រុកតាវែង ខេត្តរតនគិរី។

ទាក់ទិនទៅនឹងករណីខាងលើនេះដែរនៅរសៀលថ្ងៃដដែលនេះភ្នាក់ងារ Fresh News បានទូរស័ព្ឌសុំការបំភ្លឺពីលោកវរសេនីយ៍ទោ សម្បត្តិ កុសល ប៉ុន្តែគាត់មិនបានបំភ្លឺអ្វីឲ្យបានក្បោះក្បាយនោះទេ គ្រាន់តែប្រាប់យ៉ាងខ្លីថាជាប់ប្រជុំរួចបិទទូរស័ព្ទតែម្តង។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកតាវែង ផ្ញើទៅកាន់នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក បានបង្ហាញថា ករណីផ្ទុះអាវុធនៅចំណុចប៉ុស្ដិ៍សន្ដិសុខ ស្រុកតាវែងនោះ គឺដោយសារមានជនមិនស្គាល់មុខ កាន់កាំបិតសំដៅមកក្បាលដំណេកលោក ទើបលោកស្ទះទៅទាញកាំភ្លើងបាញ់ឡើងលើ ដើម្បីការពារខ្លួន៕