(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាប្រគេនដល់ព្រះសង្ឃនៅតាមវត្តអារាម និងប្រជាជនក្រីក្រទូទាំង ៨ឃុំ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីរួមចំណែកក្នុងការប្រយុទ្ធតទល់នឹងជំងឺកូវីដ ១៩ ស្របតាមអនុសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី។

អំណោយដែលត្រូវបាននាំយកទៅប្រគេនព្រះសង្ឃ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង មានចំនួនសរុប ៥៨ វត្ត ក្នុងមួយវត្តទទួលបាន៖
- អង្ករ ៤០ គីឡូក្រាម និងថវិកា ២០០.០០០ ៛ ។ សរុបថវិកា ១១.៦០០.០០០ ៛ និងអង្ករ ២៣២០ គីឡូក្រាម។
ចំណែកគ្រឿងឧបភោគ បរិភោគ និងសម្ភារៈ ឯកឧត្តម បានណែនាំដល់ក្រុមការងារធ្វើការចែកជូនប្រជាជនក្រីក្រចំនួន ៦៥៨០ គ្រួសារ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយក្នុងមួយគ្រួសារ ទទួលបាន៖
- មី ១ កេស
- ទឹកស៊ីអ៊ីវ ១ យួរ
- សាប៊ូ ១ ដុំ
- ក្រមា ១
- និងថវិកា ២០.០០០ ៛។ សរុបថវិកាចំនួន ១៣១.៦០០.០០០ ៛

ទន្ទឹមនឹងនេះ លោក វង សូត ក៏បានប្រគល់ថវិកាដល់សាលាស្រុកពញាក្រែក ចំនួន ១ពាន់ដុល្លារអាមេរិក និងសាលាឃុំទាំង៩ ក្នុងមួយឃុំ ១ពាន់ដុល្លារអាមេរិក និងថ្នាំពេទ្រមួយចំនួនសម្រាប់ទ្រទ្រង់ជាមូលនិធិស្រុក និងឃុំក្នុងការប្រើប្រាស់ដើម្បីដោះស្រាយក្នុងស្ថានភាពបច្ចុប្បន្ននេះ។ ក្រុមការងារនីមួយៗក៏អាចបរិច្ចាគធនធានដើម្បីធានា និងទ្រទ្រង់មូលនិធិនេះឱ្យបានល្អប្រសើរផងដែរ។

សូមបញ្ជាក់ផងដែរថា ដោយសារស្ថានភាពជំងឺកូវីដ ១៩ មិនអនុញ្ញាឱ្យមានការជួបជុំគ្នាច្រើន ទើបពិធីប្រគល់ និង ទទួលគ្រឿងឧបភោគ បរិភោគ និង ថវិកាទាំងនេះ ធ្វើនៅសាលប្រជុំស្រុកពញាក្រែក ដោយមានត្រឹមតែតំណាងស្រុក ឃុំ និងក្រុមការងារមួយចំនួនប៉ុណ្ណោះ ហើយអ្នកដែលមានវត្តមាននៅទីនោះទៀតសោត ក៏ត្រូវបានរៀបចំឱ្យអង្គុយឃ្លាតៗពីគ្នា តាមបទដ្ឋានសុខាភិបាលផងដែរ។
បន្ទាប់មកក្រុមការងារក៏បានបែងចែកកម្លាំង ទៅតាមគោលដៅរៀងៗខ្លួន នាំយកគ្រឿងឧបភោគ បរិភោគ និង ថវិកាទាំងនេះ ទៅប្រគេននៅតាមវត្ត និងប្រគល់ជូនដល់គ្រួសារក្រីក្រនីមួយៗតែម្តង៕