(ភ្នំពេញ)៖ អ្នកទេសចរបរទេស ដែលមកដល់កម្ពុជា ក្រោយថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ហើយស្នាក់នៅកម្ពុជាលើសកំណត់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចមិនផាកពិន័យឡើយ ដើម្បីឆ្លើយតបនឹងការរាតត្បាតនៃមេរោគ COVID-19។
សេចក្តីសម្រេចនេះចូលជាធរមាន ចាប់ពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០តទៅ។ នេះបើយោងតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ផ្ញើទៅកាន់ស្ថានបេសកកម្មការទូត និងកុងស៊ុលនៅកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០។
លិខិតរបស់ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សូមជូនដំណឹងដល់ស្ថានបេសកកម្មការទូត និងកុងស៊ុលនៅកម្ពុជាទាំងអស់ ឲ្យបានជ្រាបថា ដោយសារតែការរាតត្បាត COVID-19 ធ្វើឲ្យអ្នកទេសចរដែលមកលេងកម្ពុជា ក្រោយថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ មិនអាចធ្វើមាតុភូមិនិវត្តន៍ទៅវិញបានឡើយ ព្រោះគ្មានជើងហោះហើរ»។
«រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តផ្តល់ការពន្យារពេលដោយស្វ័យប្រវត្តិ ចំពោះទិដ្ឋាការប្រភេទទេសចរណ៍ (Visa T) ដល់ជនបរទេសទាំងនោះ (ដែលមកកម្ពុជា ក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២០) និងលើកលែងការផាកពិន័យ ចំពាះការស្នាក់នៅលើសកំណត់ រហូតដល់ពួកគេអាចវិលត្រទ្បប់ទៅប្រទេសខ្លួនវិញ»៕
ខាងក្រោមនេះជាលិខិតរបស់ក្រសួងការបរទេសកម្ពុជា៖