(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ មានសារព័ត៌មានក្នុងស្រុក បានចុះផ្សាយថាឈ្មោះ ហេង និងឈ្មោះ លឹម នៅអាចបើកល្បែងស៊ីសង ក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងគឃ្លើន ដោយមូលហេតុថា លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងលោក បែន រ័ត្ន ស្នងការនគរបាលខេត្ត គ្មានចំណាត់ការ គ្មានឆន្ទៈក្នុងការបង្ក្រាប ល្បែងស៊ីសង ដើម្បីពង្រឹងសន្តិសុខសង្គម ឲ្យស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំនុចនោះទេ។
រដ្ឋបាលខេត្ត សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងនូវព័ត៍មានខាងលើ ដោយកន្លងមក ថ្នាក់ដឹកនាំខេត្ត និងអង្គភាពជំនាញ រួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក បានចាត់វិធានការផ្សព្វផ្សាយ អប់រំ ណែនាំ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ បង្ក្រាបបទល្មើសគ្រឿងញៀន បទល្មើសចោរលួច ចោរប្លន់ និងបទល្មើសដទៃទៀតជាប់ជាប្រចាំ។
តាមរយៈសកម្មភាពនេះ បានធ្វើឲ្យស្ថានភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម កាន់តែ ល្អប្រសើរឡើងជាលំដាប់ បទល្មើសនានាក្នុងខេត្ត មានការថយចុះគួរឲ្យកត់សម្គាល់ រហូតទទួលបានការលើកទឹកចិត្តពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដោយបានផ្តល់ប្រាក់រង្វាន់ ប័ណ្ណសរសើរ លិខិតសរសើរពីការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
សូមបញ្ជាក់ថា ទីតាំងខាងលើនេះ គឺជាអាស័យដ្ឋានមជ្ឈមណ្ឌលកម្សាន្តល្បែងភ្នាល់ (កាស៊ីណូ) ដែលមានអាជ្ញាប័ណ្ណអនុញ្ញាតត្រឹមត្រូវចេញដោយទីស្តីការគណៈរដ្ឋមន្ត្រី តាមរយៈលិខិតលេខ ៥៤១ សជណ ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨។
ចំពោះករណីចុះផ្សាយនេះជាព័ត៌មានបំភ្លៃបំផ្លើសការពិត មិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្ដែង ក្នុងគោលបំណងបង្ខូចកិត្តិយស កេរ្តិ៍ឈ្មោះថ្នាក់ដឹកនាំខេត្ត។ ម្យ៉ាងវិញទៀត ខ្លឹមសារនិងរូបភាព ក្នុងអត្ថបទព័ត៌មាននេះ ជារូបភាពចាស់ៗដដែលៗ ជាព័ត៌មានគ្មានវិជ្ជាជីវៈច្បាស់លាស់ គ្មានមូលដ្ឋានពិតប្រាកដ ប្រឌិតឡើងដើម្បីបម្រើផលប្រយោជន៍លាភសក្ការៈផ្ទាល់ខ្លួន និងធ្វើឲ្យសាធារណៈមតិមានការយល់ច្រឡំ។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់ចាងហ្វាងកាសែតមួយនេះ ធ្វើការកែប្រែខ្លឹមសារ និងរូបភាពក្នុងអត្ថបទព័ត៌មានខាងលើ ដោយផ្អែកលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ជាធរមាន បើពុំដូច្នោះទេ យើងខ្ញុំនឹងចាត់វិធានការតាមផ្លូវច្បាប់៕