(កំពង់ស្ពឺ)៖ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០នេះ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានឧបត្ថម្ភនូវសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (Covid-19) ជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺ តាមរយៈលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដើម្បីត្រៀមការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ។
លោក ហ៊ុន ម៉ានី ក៏បានលើកឡើងថា អំណោយដែលបានប្រគល់នាពេលនេះ គឺបានមកពីការកៀរគររបស់សប្បុរសជន ជាការរួមចំណែកក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ និងដើម្បីជួយរំលែកការលំបាក ខ្វះខាតសម្រាប់ប្រជាពលរដ្ឋផង និងអ្នកដែលចុះបំពេញបេសសកម្ម ការពារទប់ស្កាត់ និងប្រយុទ្ធប្រឆាំង នឹងកូវីដ១៩ផង ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់អំពាវនាវ និងណែនាំដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ នឹងប្រជាពលរដ្ឋ រួមគ្នាប្រយុទ្ធនឹងជំងឺឆ្លង កូវីដ១៩ ដែលជាជំងឺរាតត្បាតជាសកល។
លោក វ៉ី សំណាង ក៏បានថ្លែងនូវការអរគុណចំពោះលោក ហ៊ុន ម៉ានី ដែលបានឧបត្ថម្ភជាសម្ភារៈដល់រដ្ឋបាលខេត្ត ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលពេលបច្ចុប្បន្នរដ្ឋបាលខេត្ត ត្រូវការចាំបាច់ដើម្បីយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺដ៏កាចសាហាវនេះ ។
លោកអភិបាលបញ្ជាក់ថា បើទោះបីជាខេត្តកំពង់ស្ពឺមិនទាន់មានអ្នកឆ្លងជំងឺកូវីដ១៩ ប៉ុន្តែរដ្ឋបាលខេត្ត គឺនៅតែបន្តយកចិត្តទុដាក់បំផុតពង្រឹងការអនុវត្តទាំងវិធានការបង្ការ ការពារ និងវិធានការផ្សព្វផ្សាយអប់រំណែនាំដើម្បីបង្ការ ទប់ស្កាត់នូវការឆ្លងរាលដាលនៃជំងឺនេះ ហើយក្នុងកាលៈទេសៈដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាខេត្តកំពង់ស្ពឺ កំពុងអនុវត្តវិធានការបង្ការ ទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ១៩។ អំណោយនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ព្រោះថា ជែល ឬអាល់កុល នាពេលបច្ចុប្បន្ន ប្រៀបបានជាអាវុធការពារខ្លួន សម្រាប់គាំទ្រយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ទាំងអស់តែម្ដង។
សូមបញ្ជាក់ថា អំណោយដែលបានប្រគល់ជូនរដ្ឋបាលខេត្តនាពេលនេះរួមមាន៖ ឧបករណ៍វាស់កំដៅចំនួន៦០គ្រឿង ម៉ាស់ការពារ ២០,០០០ម៉ាស់ ទឹកអាកុលលាងដៃ ៥៥០លីត្រ សាប៊ូដុំ ២៣៥កេស ជែលលាងដៃ ២២៥ដប និងភេសជ្ជៈ ៤០០កេស៕