(ស្វាយរៀង)៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករំដួល នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ តំណាងឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ បង្ការ និងតាមដានការងារប្រយុទ្ធប្រឆាំងជំងឺឆ្លង COVID-19 នៅស្រុករំដួល ខេត្តស្វាយរៀង ដើម្បីមានវិធានការ និងទប់ស្កាត់ការរីករាលដាល នៅតាមសហគមន៍មូលដ្ឋាន។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត, លោក រស់ ផារិទ្ធ អភិបាលរងខេត្ត, លោក ស៊ុយ ជីហ៊ាង អគ្គលេខាធិការរងអាជ្ញាធរមីន, លោក គាំ រីបូន អគ្គលេខាធិការគណៈកម្មាធិការជាតិអេស្កាប់ អភិបាលស្រុករំដួល និងអាជ្ញាធរមូលដ្ឋាន ផងដែរ។
ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី លី ធុជ បាននាំនូវការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែយកចិត្តខ្ពស់ ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបានណែនាំឲ្យក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្ស ចុះស្រង់ស្ថិតិ និងក្តាប់ឲ្យបាននូវស្ថានភាពខ្វះខាតរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងរដូវកាលការរាតត្បាតឆ្លងជំងឺ COVID-19 នេះ។
ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, ទេសរដ្ឋមន្រ្តី លី ធុជ បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវបន្តអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់ និងចុះផ្សព្វផ្សាយជាប្រចាំ ឲ្យបានទូលំទូលាយនូវវិធានការនានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺឆ្លង COVID-19 ជាពិសេសត្រូវគ្រប់គ្រងឲ្យបានជាប្រចាំ និងកំណត់មុខសញ្ញាចំពោះប្រជាពលរដ្ឋមកពីក្រៅ។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ករណីជំងឺ COVID-19 នៅកម្ពុជាបច្ចុប្បន្ននេះ មានការកើតឡើងដោយសារករណីនាំចូលពីខាងក្រៅប្រទេស មិនមែនផ្ទុះឡើងនៅក្នុងស្រុកទេ ព្រមទាំងបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងរក្សាអនាម័យឲ្យបានជាប់ជាប្រចាំ។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ លោក គឹម រតនា នាយកប្រតិបត្តិអង្គការការីតាសកម្ពុជា, លោក ហែម ហេម៉ា ប្រធានក្រុមហ៊ុនយក្សាបោកអ៊ុត និងលោក Scotty Lee នាយកអង្គការ SOS ដែលបានចូលរួមឧបត្ថម្ភជែលលាងដៃ សាប៊ូ ផ្ទាំងប៉ាណូអប់រំ សម្រាប់លោក ទេសរដ្ឋមន្រ្តី យកមកឲ្យក្រុមការងារចែកជូនដល់ប្រជាពលរដ្ឋដែលរស់នៅសហគមន៍មូលដ្ឋាន ដែលមានជីវភាពក្រីក្រ។
ចុងបញ្ចប់ ទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានវាយតម្លៃខ្ពស់ កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមការងារចុះជួយពង្រឹងឃុំបុសមន ឃុំថ្នាធ្នង់ និងឃុំពងទឹក ដែលបានលះបង់កម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ចូលរួមយ៉ាងសស្រាក់សស្រាំ តាមការចង្អុលបង្ហាញ និងការណែនាំរបស់ថ្នាក់ដឹកនាំ៕