(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ នៃក្រសួងការពារជាតិ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន ២លានរៀលក្នុងមួយខែ រយៈពេល៧ខែ គិតចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
នាយឧត្តមសេនីយ៍ាស្រ្តាចារ្យ ជា តារា បានថ្លែងថា «ក្នុងស្មារតីចែករំលែករួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនិងជម្ងឺឆ្លងកូវីដ-១៩ ដែលកំពុងស្ថិតក្នុងស្ថានភាព បន្ដរីករាលដាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ខ្ញុំបាទសូមចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តនូវប្រាក់បៀវត្សរបស់ខ្ញុំ ចំនួន ២.០០០.០០០រៀល(ពីរលានរៀល)ក្នុងមួយខែ សម្រាប់រយៈពេល ៧ខែ ដោយគិតចាប់ពីខែមេសា រហូតដល់ខែតុលា ឆ្នាំ២០២០ ជូនគណៈកម្មាធិការជាតិប្រយុទ្ធនឹងជម្ងឺកូវីដ១៩(Covid-19)។ ប្រាក់បៀវត្សរបស់ខ្ញុំខាងលើនេះ នឹងបង្វែរចូលទៅក្នុងគណនី របស់គណៈកម្មាធិការជាតិ ប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ រៀងរាល់ពេលបើកប្រាក់»។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕