(កណ្តាល)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានប្តឹងក្រុមហ៊ុន កែវ មុនីរតន៍ រឿងក្លែងឯកសារមិនព្រមបង់លុយផ្តាច់ឲ្យពួកគាត់លក់ដីក្នុងភូមិអណ្តូងទឹក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ លោក កែវ មុនីរតន៍ ប្រធានក្រុមហ៊ុនមួយនេះ ក៏ធ្លាប់ត្រូវបានកម្លាំងអាវុធខេត្តកណ្តាលចាប់ខ្លួនផងដែរ តាមរយៈបណ្តឹងរបស់មេធាវីម្នាក់ឈ្មោះ ជៃ ហួម៉ីង ដោយសារប្រធានក្រុមហ៊ុនមួយនេះ បានបោកប្រាស់លក់ដីខ្យល់តម្លៃជាង ២លានដុល្លា ទៅឲ្យលោកមេធាវីរូបនោះនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ដោយឡែក ប្រជាពលរដ្ឋក្នុងភូមិអណ្តូងទឹក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ក៏បានផ្ទុះការតវ៉ាផងដែរ ដោយសារតែពួកគាត់បានលក់ដីទៅឲ្យក្រុមហ៊ុនរបស់លោក កែវ មុនីរតន៍ តែមិនទាន់ទទួលបានលុយគ្រប់ចំនួន ហើយខាងក្រុមហ៊ុនមានបំណងចង់ចាក់ដីរំលោភកិច្ចសន្យាទៀត។ តែពេលនេះភាគីក្រុមហ៊ុនតំណាងដោយលោក ឡេង សេងរ៉ាង បានចេញមកដោះស្រាយ បង់ប្រាក់ផ្តាច់បានមួយចំនួន នៅសល់មួយចំនួនកំពុងដាក់ពាក្យប្តឹងដើម្បីតវ៉ា។
បើយោងតាមឯកសារមួយចំនួនដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋដែលមិនទាន់ទទួលបានប្រាក់បង់ផ្តាច់ ពីក្រុមហ៊ុន ដោយសារតែឯកសារត្រូវយកទៅបង់ពន្ធ មានមនុស្សលួចកែ ឬកោសលុបបំភ្លៃធ្វើឲ្យខូច ក្នុងចេតនាបង្កកប្រាក់របស់ប្រជាពលរដ្ឋ ដែលជាហេតុធ្វើពលរដ្ឋទ្រាំលែងបានសម្រេចចិត្ត ទៅតុលាការដើម្បីយកដីគាត់មកវិញ។
ពលរដ្ឋប្រម៉ាណ ៧គ្រួសារ ដែលនៅសល់មិនទាន់បានបើកប្រាក់ផ្តាច់មានមូលហេតុខុសៗគ្នា អ្នកខ្លះកិច្ចសន្យាទិញលក់ហួសសុពលភាព ត្រូវប្រគល់ដីឲ្យពួកគាត់វិញ ឯអ្នកខ្លះកោសលុប ឯកសារនាំឲ្យខូចខាត ដោយចេតនាពីសំណាក់មន្ត្រីមូលដ្ឋាន ឬតំណាងក្រុមហ៊ុនតាមបញ្ជាពីលោក កែវ មុនីរតន៍ ផ្ទាល់តែម្តង។
ពលរដ្ឋទទូចស្នើសុំឲ្យលោកអភិបាលខេត្តកណ្តាល និងអភិបាលស្រុកអង្គស្នួល មេត្តាជួយអន្តរាគមន៏ចំពោះក្រុមហ៊ុនលោក កែវ មុនីរតន៍ ដែលកំពុងបង្កើតភាពអយុត្តិធម៍ចំពោះបងប្អូនប្រជាពលរដ្ឋ ដោយប្រើគ្រប់វិធិសាស្រ្តក្នុងរឿងលក់ដី តែមិនព្រមបង់លុយផ្តាច់ឲ្យ ហើយមានបំណងចាក់ដីរំលោភយកថែមទៀតផង។
យ៉ាងណាក៏ដោយនៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០នេះ មិនទាន់អាចសុំការបកស្រាយពីប្រធានក្រុមហ៊ុនមួយនេះនៅឡើយទេ៕