(សៀមរាប)៖ សហគ្រាសសង្គមហ្វារ ធ្វើការផ្លាស់ប្តូរទីតាំងថ្មី នឹងដំណើរការជាផ្លូវការនៅថ្ងៃទី១៥ ខែមករាខាងមុខនេះ ដែលមានទីតាំងសម្តែងថ្មីនេះស្ថិតនៅដីឡូត៍លេខ១៨៥៥ ឃុំស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយនេះជាសមិទ្ធផលក្នុងរយៈពេល ២ឆ្នាំ៦ខែ សម្រេចទិញ និងក្លាយជាម្ចាស់កម្មសិទ្ធិដីឡូត៍ ចំណាយអស់ប្រាក់ ៥៥ម៉ឺនដុល្លារអាមរិក។
លោក ហួត តារា នាយកប្រត្តិបត្តសហគ្រាសសង្គមហ្វារ បានឲ្យដឹងថា «ការទិញដីជាកម្មសិទ្ធិផ្ទាល់ខ្លួន គឺជាគោលដៅដែលយើងចង់បាន ព្រោះការជួលទីតាំងក្នុងក្រុងសៀមរាបពិតជាមានផលលំបាក ដោយតម្លៃឈ្នួលចេះតែបន្តកើនឡើង ហើយម្ចាស់ភាគហ៊ុន និងអ្នកគ្រប់គ្រង បានគិតថាប្រសិនបើយើងមានទីតាំងអចិន្ត្រៃយ៍មួយនោះ វាជាការល្អបំផុត ក្នុងការជួយសម្រួលដល់ការរស់នៅរបស់សិល្បករឲ្យមានភាពនឹងនរផងដែរ»។ ពិសេសទីតាំងថ្មីរបស់ហ្វារ នឹងពង្រីកសម្រាប់ហ្វារកាហ្វេ និងហ្វារបូទិក សម្រាប់លក់វត្ថុអនុស្សាវរីយ៍ រួមទាំងទីតាំងសម្រាប់រក្សាទុកសម្លៀកបំពាក់យ៉ាងធំទូលាយ គ្រប់ផ្នែកពោរពេញទៅដោយភាពល្អប្រសើរ និងកន្លែងចតយានយន្តធំទូលាយ។
លោក សំ សុភ័ក្រ្ត ប្រធានផ្នែកបច្ចេកទេស ឲ្យដឹងថា «នៅពេលដែលយើងបើកដំណើរការជាលើកដំបូងក្នុងខែកុម្ភៈ ឆ្នាំ២០១៣ យើងគ្មានអ្វីច្រើននៅកន្លែងសម្តែងនេះទេ យើងមានតែឆាកសម្តែងមួយ ទីកន្លែងលក់សំបុត្រតូចមួយ និងកន្លែងលក់អាហារសម្រន់ក្នុងតង់មួយប៉ុណ្ណោះ។ ដល់ខែឧសភា ឆ្នាំ២០១៣ បន្ទាប់មកយើងក៏បានបង្កើតសំណង់ផ្សេងៗទៀត ហើយពួកយើងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយខឹតខំប្រឹងប្រែងយ៉ាងស្វិតស្វាញ ឲ្យមានដំណើរការនេះដោយយើងបានរៀនសូត្រច្រើនពីការរៀបចំនេះ ហើយក៏បានប្រើប្រាស់បទពិសោធន៍ទាំងនេះ ក្នុងការបង្កើតភាពរីកចម្រើននៅទីតាំងថ្មីកាន់តែប្រសើរឡើង»។
ព្រមជាមួយគ្នានោះ ទឹកប្រាក់ចំនួន៥៥ម៉ឺនដុល្លារ ដើម្បីទិញទីតាំងសម្តែងថ្មីនេះ ទទួលបានពីការផ្តល់ជំនួយដែលមានឈ្មោះថា «ផ្ទះរបស់ហ្វារ» រួមជាមួយប្រាក់ចំណេញពីការបណ្តាក់ទុន ការកើនឡើងភាគហ៊ុន និងកម្ចីពីស្ថាប័ន Grameen Credit Agricole Foundation និងអ្នកវិនិយោគឯកជនមួយចំនួនទៀត។ ហើយយើងធ្វើការសម្ដែងនៅថ្ងៃទី៥ ដល់ទី ១៤ មករា ឆ្នាំ២០១៦ នៅពេលយប់ធម្មតាដោយសម្តែងនៅទីវាលតែម្តង។
លោក តារា បន្ដថា ភាពជោគជ័យដ៏ធំធេងនេះ គឺបង្ហាញថ្ងៃអនាគត ទៅកាន់អ្នកវិនិយោគរបស់យើងថានេះគឺជាការដឹកនាំដ៏ ប្រសប់ក្នុងវិស័យសិល្បៈនៅកម្ពុជាហើយយើងពិតជាមានមោទនភាព និងត្រេកអរដោយបានលើកឡើងពីជំហានដ៏សំខាន់នេះ។
គួរបញ្ជាក់ថា សិល្បកររបស់ហ្វារបានបញ្ចប់ការសិក្សា នៅសមាគមហ្វារពន្លឺសិល្បៈខេត្តបាត់ដំបង ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤ បានចាប់ផ្តើមបង្រៀនថ្នាក់គូរគំនូរដល់សិស្សមួយចំនួនតូច និងបើកសាលារដ្ឋមួយ សាលាតន្រ្តី សាលាល្ខោន និងសាលាសៀក។ សព្វថ្ងៃនេះសិស្សនិស្សិតជាង ១,២០០នាក់ កំពុងសិក្សានៅសាលារដ្ឋ និង៥០០នាក់ សិក្សាខាងជំនាញសិល្បៈ។
ការបង្កើតឡើងនេះ សម្រាប់ទីផ្សារការងារដល់និស្សិតដែលបានបញ្ចប់ការសិក្សា នៅសាលាសៀកខេត្តបាត់ដំបង លើសពីនេះចំណូលថវិការ ៧៥ភាគរយ បានផ្តល់ជូនសាលាដើម្បីជួយគាំទ្រដល់កម្មវិធីសិក្សា៕