(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់មេរោគ COVID-19 នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ អភិបាលរងខណ្ឌ លោក ញាណ ចាន់សោភា នាយករដ្ឋបាល រួមជាមួយលោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី និងមន្រ្តីក្រោមឱវាទ បាននាំយកអំណោយសម្តេចព្រះពោធិវ័ង្ស អំលឹមហេង ព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ផ្តល់ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១០០គ្រួសារ នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
មតិសំណេះសំណាល ជាមួយប្រជាពលរដ្ឋនោះ លោក ចេង មុនីរ៉ា បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបប្រទះជីវភាពខ្វះខាត ជួបការលំបាកទាំងអស់ ហើយជានិច្ចកាលទីណាមានការលំបាកទីនោះ តែងមានសម្តេចតេជោ និងលោកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះជួយបងប្អូនជាប់ជានិច្ច មិនទុកឲ្យបងប្អូនណាម្នាក់រងគ្រោះ គ្មានអាហារបរិភោគឡើយ។ លោកអភិបាលខណ្ឌ ក៏បានលើកឡើងអំពីការ អភិវឌ្ឍន៍ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន។
នៅក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ ក៏បានណែនាំដល់ប្រជាពលរដ្ឋថា បើបងប្អូនប្រជាពលរដ្ឋណាមិនមានការចាំបាច់ទេ គួរកំធ្វើដំណើរចេញពីផ្ទះ ហើយត្រូវស្តាប់ការចាក់ផ្សាយតាមមេ ក្រូនៅភូមិ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលឱ្យយើងចេះថែទាំសុខភាពឱ្យបានល្អនិងទប់ស្គាត់ការឆ្លងមេរោគ COVID-19។
ក្នុងនោះលោកអភិបាលខណ្ឌ ចេង មុនីរ៉ា បានក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំជឿលើការផ្សាយព័ត៌មានដែលគ្មានមូលដ្ឋានច្បាស់លាស់។ ដូចជាការទទួលទានពងមាន់ ជាកូវីដ ពក់យ័ន្ត ជាកូវីដ នេះគឺជាការបោកប្រាស់ និងការលក់ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ១៩ ជាដើម។
លោកអភិបាលខណ្ឌ បានលើកឡើងទៀតថា ដើម្បីចូលរួមទប់ស្កាត់នូវវីរុសកូរ៉ូណា១៩ (COVID-19) នេះ សូមជឿទកចិត្តលើការដឹកនាំ និងធ្វើទៅតាមការណែនាំរបស់សម្ដេចតេជោហ៊ុន សែន និងសេចណែនាំរបស់ក្រសួងសុខាភិបាលនូវវិធានការការពារការឆ្លងមេរោគ កូវីដ១៩នេះ។
ក្នុងឱកាសនោះដែរ លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវការងារបី គឺហូបស្អាត ផឹកស្អាត និងករស់នៅស្អាត ដើម្បីជៀសវាងនូវការឆ្លងនិងការរីករាលដាលនៃ វីរុសកូរ៉ូណា១៩ (COVID-19) នេះ។
ក្នុងនោះលោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី បានបញ្ជាក់ថា អំណោយដែលសម្តេចពោធិវ័ង្ស អំ លឹមហេង ផ្តល់ជូនគ្រួសារខ្វះខាតនាពេលនេះ ក្នុងមួយគ្រួសារ ទទួលបានថវិកា ចំនួន ១០ម៉ឺនរៀល, អង្ករ ២៥គីឡូក្រាម, មី ១កេស និងសម្ភារៈផ្ទះបាយ ១ឈុតធំ ផងដែរ៕