(ភ្នំពេញ)៖ សាលាឯកជនមួយចំនួនបើទោះបីបង្រៀនត្រឹមអនឡាញ ក៏ពួកគេនៅតែយកតម្លៃពេញដដែល ជាហេតុនាំឱ្យអាណាព្យាបាលមួយចំនួនមិនសប្បាយចិត្ត។
រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នោះ បានសម្រេចឱ្យសាលានៅទូទាំងប្រទេសផ្អាកការសិក្សារង់ចាំ រហូតដល់ស្ថានភាពជំងឺកូវីដ១៩ប្រែប្រួលជាថ្មី។
បើទោះបីសាលាត្រូវបានបិទទ្វារយ៉ាងណាក្តី សាលាឯកជនជាច្រើននៅតែបន្តរិះរកវិធីផ្តល់ការអប់រំដល់សិស្សរបស់ខ្លួន តាមរយៈការបង្រៀនអនឡាន ឬផ្តល់មេរៀនមកតាមបណ្តាញសង្គមជាដើម។
ដោយសារតែការផ្តល់ការសិក្សាមិនបានពេញលេញ និងយល់ថា អាណាព្យាបាលសិស្សសុទ្ធតែជួយបញ្ហាសេដ្ឋកិច្ចបណ្តាលមកពីជំងឺកូវីដ១៩នោះ សាលាឯកជនមួយចំនួនបានសម្រេចបញ្ចុះតម្លៃសម្រាប់ការសិក្សា តែសាលាខ្លះទៀតមិនបញ្ចុះតម្លៃនោះឡើយ គឺនៅរក្សាដដែល។
អ្នកស្រី កៀន តុលា ដែលមានកូនកំពុងសិក្សានៅសាលាចំណេះដឹងទូទៅអន្តរជាតិ Home បានឱ្យដឹងថា កូនរបស់អ្នកស្រីដែលសិក្សានៅសាលានេះ មិនមានការបញ្ចុះតម្លៃនោះទេ គឺតម្លៃពេញដដែល។ អ្នកស្រីបានឱ្យដឹងថា សាលាគេទាមទារឱ្យបង់ថ្លៃសិក្សាពេញថ្លៃ ទើបគេទម្លាក់មេរៀនឱ្យកូនអ្នកស្រីសិក្សាតាមបណ្តាញ Telegram។
អ្នកស្រី បានស្នើសុំក្រសួងអប់រំ យុវជន និងកីឡា ជួយសម្របសម្រួលដល់សាលាជួយបញ្ចុះតម្លៃសិក្សាខ្លះ ដ្បិតថា ការផ្តល់សិក្សាមិនបានពេញលេញដូចពេលទៅរៀននៅសាលានោះឡើយ ហើយមួយវិញទៀតក្នុងកំលុងពេលនេះគ្រួសារខ្មែរសុទ្ធតែមានបញ្ហាក្នុងជីវភាព។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ជាគោលការណ៍ច្បាប់ក្រសួងអប់រំមិនសិទ្ធិក្នុងការបង្គាប់បញ្ជាទៅលើសាលាឯកជនពាក់ព័ន្ធនឹងរឿងតម្លៃសិក្សានេះឡើយ។ តែទោះបីជាយ៉ាងណាលោក លើកទឹកចិត្តឱ្យភាគីសាលា និងអាណាព្យាបាលជជែកគ្នា ព្រោះក្នុងកំលុងពេលនេះទាំងខាងសាលា និងអាណាព្យាបាលសុទ្ធតែស្ថិតក្នុងស្ថានភាពលំបាកទាំងអស់គ្នា៕