(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំនគរបាល ចំនួន៧០នាក់ គិតត្រឹមថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ បានប្រកាសដោយស្ម័គ្រចិត្ត បរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចាប់ពី៥ខែ ដល់៩ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សរុបទឹកប្រាក់ជិត ៤០០លានរៀល។
នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះថា ក្រៅពីខ្លួនលោកផ្ទាល់ ថ្នាក់ដឹកនាំនគរបាលដែលចូលរួមបរិច្ចាគបៀវត្សផ្ទាល់ខ្លួននោះ មាន អគ្គស្នងការរង ប្រធាននាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការនគរបាលរាជធានី-ខេត្ត, ស្នងការរង សរុបចំនួន៧០រូប។
នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាក់ទៀតថា ការបរិច្ចាគនោះរួមមាន៖
*បរិច្ចាគ១០០ភាគរយនៃប្រាក់បៀវត្ស សរុប៣៩នាក់ (៧ខែ មាន១៦នាក់, ៦ខែ មាន២០នាក់ និង៥ខែ មាន៣នាក់)
*បរិច្ចាគ៥០ភាគរយ សរុប២០នាក់ (៩ខែ ម្នាក់, ៨ខែ ម្នាក់, ៧ខែ មាន១៣នាក់, ៦ខែ មាន៤នាក់ និង៥ខែ ម្នាក់)
*បរិច្ចាគ៣០ភាគរយ សរុប១០នាក់ (៦ខែ មាន២នាក់ និង៥ខែ មាន៨នាក់)
*បរិច្ចាគ១លានរៀល នៃបៀវត្ស រយៈពេល៦ខែ ចំនួនម្នាក់។ សរុបបានចំនួន ៧៤៨,៧៧៣,២៣៦.៥៣រៀល។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានបន្ថែមថា អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងខិតខំបន្តអំពាវនាវគៀងគរ ក្នុងជួរនាយនគរបាលជាតិជាន់ខ្ពស់ និងមន្ត្រីក្រោមឱវាទ ដើម្បីចូលរួមបរិច្ចាគថវិកាបន្ថែមទៀត ក្នុងស្មារតីចូលរួមចំណែកសម្រាលបន្ទុករាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបានបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕