(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលទូទាំងប្រទេស ត្រូវទប់ស្កាត់រាល់ការប្រមូលផ្ដុំជួបជុំរៀបចំកម្មវិធីកម្សាន្ដបែបប្រពៃណី ពិធីជប់លៀងរាំកម្សាន្ដនៅតាមទីសាធារណៈ និងតាមសហគមន៍ ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងរីករាលដាល នៃជំងឺ COVID-19។
ក្នុងសេចក្ដីណែនាំស្ដីពីវិធានការ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា ការជួបជុំជាលក្ខណៈគ្រួសារ ក្នុងរូបភាពតូចៗ តាមគេហដ្ឋានមិនត្រូវបានហាមឃាត់នោះឡើយ។
នាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំទៀតថា ត្រូវត្រៀមលក្ខណៈសម្បត្តិទាំងកម្លាំងអន្តរាគន៍ និងមធ្យោបាយ សម្ភារ សំដៅរួមចំណែកក្នុងការអនុវត្ត សេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ស្ថាប័នជំនាញពាក់ព័ន្ធ និងគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺ COVID-19 គ្រប់ថ្នាក់។
លើសពីនេះ ត្រូវបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្តាប់បានអំពីវត្តមានន និងស្ថានភាពរបស់ពលករចំណាកស្រុក ដែលវិលត្រឡប់មកពីក្រៅប្រទេស ដើម្បីបន្តអប់រំ និងតាមដានការអនុវត្តនូវ សេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរាតត្បាតជំងឺ COVID-19 និងមានវិធានការសង្គ្រោះ ក្នុងខណៈពេលដែល រកឃើញពលរដ្ឋណាម្នាក់ មានការសង្ស័យ ឬមានសញ្ញាផ្ទុកវីរុស COVID-19។
អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ទៀតថា កម្លាំងនគរបាលទាំងអស់ ត្រូវបង្កើនកិច្ចសហការជាមួយអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីដោះស្រាយនូវ រាល់សំណូមពរ របស់គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺ COVID-19 គ្រប់ថ្នាក់បានទាន់ពេលវេលា។
ពិសេសការដាក់កម្លាំងការពារតាមគោលដៅអាទិភាព ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យ និងគោលដៅដាក់ ឲ្យនៅដោយឡែក ដែលត្រូវបានកំណត់ដោយគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺ COVID-19 គ្រប់ថ្នាក់៕