(ភ្នំពេញ)៖ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ ដាប់ប៊ែលយូប៊ី ហ្វាយនែន ដែលជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើដ៏ធំមួយនៅកម្ពុជា និងជាបុត្រសម្ព័ន្ធរបស់ធនាគារ អ៊ូរី នៅប្រទេសកូរ៉េខាងត្បូង បានចូលរួមបរិច្ចាគថវិកាចំនួន ១០,០០០ដុល្លារអាមេរិក ជូនដល់ក្រសួងសុខាភិបាលនៃកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺឆ្លង COVID-19។
ដាប់ប៊ែលយូប៊ី ហ្វាយនែន ក៏បានឧបត្ថម្ភសម្ភារៈ បរិក្ខារ ពេទ្យចាំបាច់មួយចំនួនផ្សេងទៀតជូនដល់សហគមន៍កម្ពុជានានា ដែលត្រូវការជំនួយបន្ថែមរួមមាន៖ ទឹកជែល លាងដៃចំនួន ១,២៥០ដប អាល់កុលចំនួន ៣៩០លីត្រ និងម៉ាស់ចំនួន ៩,៥០០ម៉ាស់។ ការចូលរួមបរិច្ចាគនេះ នឹងជាចំណែកសំខាន់មួយក្នុងការជួយជ្រោមជ្រែង និង ជាកំលាំងចិត្តដល់ក្រុមការងារ ដែលកំពុងធ្វើប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ ក៏ដូចជាផ្តល់ជំនួយដល់សហគមន៍នានាក្នុងគ្រាលំបាកនេះ។
គួរបញ្ជាក់ផងដែរថា ដើម្បីធានាបាននូវការការពារបុគ្គលិក និងអតិថិជនរបស់ខ្លួនពីជំងឺឆ្លង COVID-19 ដាប់ប៊ែលយូប៊ី ហ្វាយនែន បាននឹងកំពុងអនុវត្តវិធានការ សុវត្ថិភាពផ្សេងៗសម្រាប់អតិថិជន និងបុគ្គលិកទាំងអស់មានដូចជា ការត្រួតពិនិត្យវាស់ស្ទង់សីតុណ្ហភាពមុនចូលក្នុងអគារ ឬការិយាល័យការលាងសម្អាតដៃ ជាញឹកញាប់ជាមួយជែល ឬអាល់កុល លាងដៃ ការពាក់ម៉ាស់ និងការរក្សាគម្លាតនៃការប្រាស្រ័យទាក់ទងគ្នាផ្សេងៗ។
ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ដាប់ប៊ែលយូប៊ី ហ្វាយនែន សូមជូនពរលោកអ្នកមានសុវត្ថិភាព សុខភាពល្អ និងជៀសផុតពីជំងឺឆ្លង COVID-19 ។ សូមចូលរួម ទប់ស្កាត់ជំងឺឆ្លង COVID-19 ទាំងអស់គ្នា ដើម្បីសុវត្ថិភាពរបស់យើង ក្រុមគ្រួសារ និងសហគមន៍៕