(ភ្នំពេញ)៖ លោក ប្រាក់ ចំរើន សមាជិកព្រឹទ្ធសភា ជាអនុប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានភូមិភាគទី៣ ខេត្តកណ្តាល នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្ស របស់ខ្លូនចំនួន ២លានរៀល ក្នុងមួយខែ សម្រាប់រយៈពេល៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មារជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
សូមជម្រាបថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្ស របស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។
រហូតមកដល់ពេលនេះ មានថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា តុលាការ រួមទាំងក្រសួង ស្ថាប័ន និងអង្គភាពជាច្រើនទៀត បានចូលរួមបរិច្ចាគប្រាក់បៀវត្សរ៍រៀងៗខ្លួនជាបន្តបន្ទាប់ ដើម្បីរួមគ្នាជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ខណៈដែលជំងឺនេះ បាន និងកំពុងរីករាលដាលកាន់តែច្រើនឡើង៕