(ភ្នំពេញ)៖ ដោយសារការរាតត្បាតនៃវីរុសប្រភេទថ្មី Covid-19 ដែលកំពុងរីករាលដាលពាសពេញសាកលលោក បានធ្វើឱ្យមានផលប៉ះពាល់ដល់គ្រប់វិស័យ រួមទាំងវិស័យ អប់រំផងដែរ ដោយសាលារៀននិងសាកលវិទ្យាល័យនានាត្រូវផ្អាកដំណើរការ ការបង្រៀនក្នុងថ្នាក់ ក្នុងត្រូវប្ដូរមកបង្រៀនតាមប្រព័ន្ធអនឡាញវិញ ដូចនេះសាកលវិទ្យា ល័យអន្តរជាតិ ផារ៉ាហ្គន បានសម្រេចផ្គត់ផ្គង់នូវមធ្យោបាយប្រើប្រាស់ទិន្នន័យអ៊ីនធើណែត ដល់សិស្ស និស្សិត សម្រាប់ការសិក្សាតាមប្រព័ន្ធអនឡាញដើម្បីចូលរួម លើកស្ទួយវិស័យអប់រំ និងកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ ១៩។
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ជាសាកលវិទ្យាល័យឈានមុខគេមួយនៅប្រទេសកម្ពុជា ក៏បានធ្វើការសម្របខ្លូនដោយប្តូរពីកម្មវិធីសិក្សា ក្នុងថ្នាក់រៀនមកអនុវត្ត កម្មវិធីសិក្សាតាមអនឡាញ ដោយតម្រូវឱ្យសាស្ត្រាចារ្យ និងនិស្សិតរបស់សាកលវិទ្យាល័យទាំងអស់ ប្រាស្រ័យទាក់ទង និងធ្វើបទបង្ហាញពីមេរៀនតាមការប្រជុំ ជាវីដេអូ អនឡាញ តាមរយៈកម្មវិធី Google Meet ឬ Zoom ដើម្បីបន្តការអប់រំបន្ថែមពីលើការប្រើប្រាស់ប្រព័ន្ធថ្នាក់រៀន «Online Classroom» របស់ខ្លួនដែលមានស្រាប់ សម្រាប់ការចែកចាយឯកសារផ្សេងៗទាក់ទិននឹងមុខវិជ្ជានីមួយៗ ការដាក់ពិន្ទុសិស្ស និងការកត់វត្តមានសិស្សជាដើម។
ថ្វីត្បិតតែការអនុវត្តកម្មវិធីសិក្សាអនឡាញ តាមប្រព័ន្ធអ៊ីនធើណេត បានជួយសម្រួលការបន្តការសិក្សាក្នុងខណៈពេលនេះ ក៏ប៉ុន្តែសិស្ស និស្សិតមួយចំនួន ក៏នៅជួបប្រទះ នូវបញ្ហាផ្សេងៗ ដូចជាបណ្តាញអ៊ីនធឺណែត មានភាពរអាក់រអួល ឬកង្វះទិន្នន័យសម្រាប់ប្រើប្រាស់អ៊ីនធើណេតសម្រាប់សិក្សា។
ជាការជួយសម្រាលបន្ទុកដល់និស្សិតរបស់ខ្លួន និងជួយដោះស្រាយបញ្ហាកង្វះអ៊ីនធើណេត ដើម្បីសិក្សាតាមប្រព័ន្ធអនឡាញសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន
បានផ្គត់ផ្គង់នូវឧបករណ៍តូច មានបំពាក់នូវប្រព័ន្ធភ្ជាប់បណ្តាញអ៊ីនធើណែត ចល័តឥតខ្សែ (pocket wifi) ដែលអាចឱ្យសិស្សនិស្សិតប្រើប្រាស់ ទិន្នន័យអ៊ីនធឺណែតរហូត ដល់ 156 Gb សម្រាប់សិស្សនិស្សិត រូបណាដែលមានបំណងចង់ខ្ចីសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន៕