(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះ ទទួលអំណោយពីលោកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុនជីបម៉ុងគ្រុប បានឧបត្ថម្ភទឹកសុទ្ធចំនួន ១,០០០កេស និងទឹកផ្លែឈើចំនួន ២០០កេស ជូនដល់រដ្ឋបាលខេត្តព្រៃវែង សម្រាប់ទុកប្រើប្រាស់ ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស COVID-19 ដែលកំពុងតែគំរាមកំហែងដល់សុខភាព និងអាយុជីវិតប្រជាជនកម្ពុជា។
លោក ជា សុមេធី បានឱ្យដឹងថា ទាំងនេះ គឺជាកាយវិការ និងទឹកចិត្តដ៏ស្មោះសរបស់លោកឧកញ៉ា ដែលបានឧបត្ថម្ភនៅទឹកសុទ្ធ និងផ្លែឈើ ទាំងអស់នេះសម្រាប់ រដ្ឋបាលខេត្តក្នុងការប្រតិបត្តិការងារទប់ស្កាត់ និងបង្ការជំងឺ COVID-19 ហើយសូមជូនពរដល់លោកឧកញ៉ា និងក្រុមគ្រួសារ បានជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយនិងជៀសផុតអំពីជំងឺដ៏កាចសាហាវដែលកំពុង តែគំរាមកំហែងទូទាំងពិភពលោកនេះ។
នៅក្នុងឱកាសនោះលោកអភិបាលខេត្ត ក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ទូទាំងខេត្តព្រៃវែង ត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ និងការពារកុំឱ្យមានការឆ្លងរីករាលដាលនៃជំងឺ Covid19 មកដល់ខ្លួនយើង នឹងនៅក្នុងមូលដ្ឋានរបស់ខ្លួនយើង។
សូមជម្រាបថា នៅថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគ COVID-19 ថ្មីចំនួន០៤នាក់បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ថ្មីមានចំនួន១នាក់ ធ្វើឱ្យចំនួនសរុបកើនដល់៣៥នាក់ និងកំពុងសម្រាកព្យាបាល៧៩នាក់ នៃអ្នកឆ្លងសរុបកើនដល់១១៤នាក់។
សូមបញ្ជាក់ផងដែរថា បើគិតមកដល់ថ្ងៃនេះ នៅក្នុងខេត្តព្រៃវែង ពុំទាន់មានករណីរកឃើញនូវវីរុស COVID-19 ឆ្លងមកប្រជាជន នៅក្នុងខេត្តព្រៃវែង នៅឡើយទេ៕