(កណ្ដាល)៖ លោក ចៅ តុល អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកោះធំ និងលោក លឹម ឡេង ប្រធានក្រុមការងារ ចុះជួយឃុំព្រែកថ្មី និងសហការី បានដឹកនាំគណៈប្រតិភូ អមដំណើរដោយអាជ្ញាធរស្រុកកោះធំ បាននាំយកអំណោយចែក ជូនដល់ប្រជាពលរដ្ឋក្រីក្រ ប្រភេទ «ក១» ចំនួន៩ភូមិ ស្មើរនឹង៥៤គ្រួសារ ស្ថិតនៅឃុំព្រែកថ្មី ព្រមទាំងអប់រំផ្សព្វផ្សាយជុំវិញករណីវីរុស COVID-19 នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះ។
ក្នុងឱកាសនោះដែរ លោក ចៅ តុល និងលោក លឹម ឡេង ក៏បានសួរសុខទុក្ខ និងតាមដានសុខភាពពលរដ្ឋដែលមកពីថៃ ចំនួន ៣៨១នាក់ ដោយបានពិនិត្យពួកគាត់ទាំងអស់គ្នា ខណៈគ្មានសញ្ញាណាមួយគួរជាទីបារម្ភណ៍ឡើយ ហើយខ្លះក្នុងចំនោមពួកគាត់ ក៏ត្រូវបានដាក់ ឱ្យនៅដាច់ដោយឡែកចំនួន ១៤ថ្ងៃសិន ដើម្បីពិនិត្យមើលអាការៈបន្ត និងនៅតែបន្តតាមដានពួកគាត់យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីបង្ការការរីករាលដាលណាមួយ។
លោក ចៅ តុល និងលោក លឹម ឡេង បានបន្តថា ដោយមានការផ្ដាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋពីសំណាក់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ, លោកឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, លោកឧកញ៉ា សុះ កុំរី ចាងហ្វាងគណៈដឹកនាំសាសនាឥស្លាមកម្ពុជា ដែលបានតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះពលរដ្ឋទាំងអស់មិនថាតែនៅស្រុកកោះធំនោះទេ ពោលគឺនៅគ្រប់ស្រុកទាំងអស់នៅទូទាំងប្រទេស សូមមានក្ដីសុខ ចៀសផុតពីជំងឺដង្កាត់ទាំងឡាយ និងសូមមានសុខភាពល្អ រកទទួលទានមានបានគ្រប់ៗគ្នា។
លោក ចៅ តុល និងលោក លឹម ឡេង បានលើកឡើងថា ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព នៃការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថិរភាព ការរីកចំរើនលើគ្រប់វិស័យ ក្នុងនោះវិស័យសុខាភិបាលក៏មានការរីកចម្រើនខ្លាំង មានឧបករណ៍ទំនើបៗ ក្រុមគ្រូពេទ្យមានជំនាញសមត្ថភាពខ្ពស់ ដែលអាចទ្រគ្រប់ស្ថានការណ៍ នៃបញ្ហាជំងឺទាំងអស់មិនថា COVID-19 ឡើយ ពោលគឺជំងឺធ្ងន់ជាងនេះ ក៏ពេទ្យស្រុកខ្មែរអាចមើលជាសះស្បើយ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ កុំមានការព្រួយបារម្ភណ៍ឡើយ អ្វីដែលសំខាន់ គឺខ្លួនយើងផ្ទាល់ត្រូវការពារខ្លួន អនាម័យជាប្រចាំ ពិសេសបើមានករណីសង្ស័យណាមួយ ឬមិនស្រួលខ្លួន សូមប្រញាប់រួសរាន់ទៅមន្ទីរពេទ្យបង្អែកនៅជិតផ្ទះបំផុត ដើម្បីពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលា។
លោក ចៅ តុល ក៏បានផ្ដាំផ្ញើរអាជ្ញាធរស្រុក និងគណៈដឹកនាំសាសនាឥស្លាមស្រុកកោះធំ ទាំងអស់ផងដែរថា ត្រូវមានការបំផុសបំផុល ដល់ប្រជាពលរដ្ឋទាំងអស់ មិនថាបងប្អូនខ្មែរ ឬខ្មែរឥស្លាមទេ ត្រូវតែចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់ការរីករាលដាលវីរុស COVID-19 នេះ តាមរយៈការផ្សព្វផ្សាយតគ្នា ពីមាត់មួយទៅមាត់មួយឱ្យបានក្លៀវក្លា ដោយត្រូវរក្សាអនាម័យឱ្យបានខ្ចាប់ខ្ចួន ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ពិសេស «កុំមានការរើសអើងលើសាសនិកឥស្លាម និងកុំរើសអើងអ្នកផ្ទុកវីរុស COVID-19 គ្រប់ជាតិសាសន៍» ខណៈជំងឺនេះ មានតិចតួចណាស់ នៅកម្ពុជា ហើយរដ្ឋាភិបាល បានគិតគូរនិងយកចិត្តទុកដាក់ខ្លាំងបំផុតចំពោះការព្យាបាលឱ្យជាសះស្បើយ ខណៈមនុស្ស ចំនួន៣៥នាក់ហើយ ត្រូវបានគ្រូពេទ្យខ្មែរយើងព្យាបាលជាសះស្បើយ១០០%។ ដូច្នេះសូមពលរដ្ឋយើងទាំងអស់ កុំមានការតក់ស្លត់ កុំភ័យជ្រុលខ្លាំងពេក កុំជឿព័ត៌មានក្លែងក្លាយ កុំជឿការញុះញង់តាម Chat Messenger ឬតាមរយៈប្រព័ន្ធផ្សេងៗ ដែលជាព័ត៌មានមិនពិត ព័ត៌មានទុច្ចរិត ព័ត៌មានបំផិតបំភ័យអសិលធម៌ ក្នុងចេតនាអាក្រក់ ដែលនាំឱ្យមានប្រជាពលរដ្ឋមានការភិតភ័យ។
លោក ចៅ តុល និងលោក លឹម ឡេង បានឱ្យដឹងដូចគ្នាថា ខណៈដែលជំងឺកូវីត១៩ កំពុងកើតមានតិចតួច នៅកម្ពុជា សូមប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភណ៍ច្រើនជ្រុល កុំភ័យខ្លាច កុំស្លន់ស្លោរ ប៉ុន្តែត្រូវនាំគ្នាឧស្សាហ៍អនាម័យខ្លួនប្រាណ អនាម័យបរិស្ថាន មានការពាក់ម៉ាស លាងសំអាតទឹកអាល់កុល ជាញឹកញាប់ពិសេសបើសង្ស័យថាមានអាការៈមិនស្រួលណាមួយ ត្រូវប្រញាប់រួសរាន់ទៅមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះបំផុត។
គួររម្លឹកថា បើយោងតាមអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ដែលបានចុះពិនិត្យទីតាំងនៃមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅនាពេលកន្លងទៅ គឺគ្រប់មន្ទីរពេទ្យទាំងអស់នៅទូទាំងខេត្តកណ្ដាល បានត្រៀមខ្លួនជាស្រេចចំពោះការឆ្លើយតបនឹងករណីវីរុសCOVID-19នេះ៕