Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ករណីអ្នកភូមិនៅស្រុកខ្សាច់កណ្តាលចោទថា រំលោភយកដីបឹង, ក្រុមហ៊ុននិស្ស័យស្នេហ៍របស់លោក ពោច សួរ ចេញការបកស្រាយ ខណៈអាជ្ញាធរគ្រោងបើកវេទិកាសាធារណៈ (Video inside)

03-04-2020 18:51

(កណ្ដាល)៖ បន្ទាប់ពីអ្នកភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ចោទក្រុមហ៊ុននិស្ស័យស្នេហ៍ត្រេឌីងរបស់លោក ពោច សួរ លុបដីបឹងក្រសោបធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរួចមក ភាគីលោក ពោច សួរ បានចេញមកច្រានចោលការចោទនេះ ហើយលោកថា លោកបានទិញដីពីអ្នកភូមិ២នាក់ គឺម្នាក់ឈ្មោះ ប៉ិច លាងសេង និងឈ្មោះឡោ ស្រីនាង ទំហំសរុប ទទឹង ៤៩ម៉ែត្រ និងបណ្ដោយ ៥០ម៉ែត្រ ដោយដោះដូរយកដីភូមិវិញដែលមានទំហំតូចជាងនេះ គឺទទឹង ១៦ម៉ែត្រ និងបណ្ដោយ ១៣០ម៉ែត្រវិញ។

លោកបានបញ្ជាក់ទៀតថា លោកមិនត្រឹមតែដោះដូរដីធំជាងប៉ុណ្ណោះទេ ហើយថែមទាំងជួយចាក់ដីបំពេញ និងកសាងសាលាបុណ្យខ្ទមអ្នកតាស្ងួន កសាងសាលាបុណ្យភូមិ និងជួយជីកប្រឡាយទឹក អស់៤៥០ម៉ែត្រ សំរាប់ប្រយោជន៍អ្នកភូមិថែមទៀតផង ដោយចំណាយលុយអស់ជាង៧ម៉ឺនដុល្លាឯណោះ។

លោកសូមសំណូមពរដល់ប្រជាពលរដ្ឋថា សូមកុំមានការយល់ច្រឡំចំពោះការដោះដូរនេះហើយគិតថា លោកនឹងព័ទ្ធយកដីភូមិនៅជិតនោះ ព្រោះថា លោកមិនហ៊ានបំពានច្បាប់ឡើយ ហើយលោកនឹងធ្វើរបងនៅលើព្រុំដីត្រឹមត្រូវរបស់គាត់ដោយមានការពិនិត្យយ៉ាងម៉ត់ចត់ពីសំណាក់អាជ្ញាធរដែនដី។

ជុំវិញករណីនេះ លោកប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាលប្រាប់ Fresh Newsថា លោកនឹងបើវេទិកាសាធារណៈ ដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួម ស្ដាប់ពីការពិត ដើម្បីកុំឱ្យពលរដ្ឋមានការយល់ច្រលុំបន្តទៀត៕