(ភ្នំពេញ)៖ ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars បានប្រកាសពីការអភិវឌ្ឍន៍គ្រោងតួរថយន្ត ធ្វើពីអាលុយមីញ៉ូមសុទ្ធសាធន៍ ហើយតួរថយន្តប្រភេទនេះនឹងត្រូវប្រើលើរថយន្ត Rolls-Royce គ្រប់ម៉ូដែលទាំងអស់ ដែលនឹងលេចចេញជារូបរាងយ៉ាងប្រណិតគ្មានពីរ នៅលើទីផ្សារនៅដើមឆ្នាំ២០១៨ ខាងមុខនេះ។
កាលពីឆ្នាំ២០១៥ ក្រុមហ៊ុនបានប្រកាសពីការចាប់ផ្ដើមដំណើរការ ធ្វើតេស្តសាកល្បងនូវបង្គុំតួរថយន្តថ្មីនេះ ដោយក្នុងនោះសកម្មភាពរៀបចំក្នុងដំណាក់កាលដំបូង គឺការធ្វើតេស្តសាកល្បងគ្រោងរថយន្តជាសាធារណៈ ទូទាំងសកលលោក ។
ស្ថាបត្យកម្មយ៉ាងប្រណិតមួយនេះ នឹងបំពាក់លើរថយន្តដែលលក់នៅលើទីផ្សារនៅដើមឆ្នាំ ២០១៨ ដោយពេលនេះបានធ្វើការសាកល្បង ដើម្បីធានាថាគ្រោងតួរថយន្តប្រភេទថ្មី ពិតជាអាចជួយឲ្យការបើកបរនៅលើគ្រប់ស្ថានភាពផ្លូវ ប្រៀបបាននឹង «ការជិះលើកម្រាលព្រំទិព្វ» ដែលអាចទ្រាំទ្រ នឹងស្ថានភាពអាកាសធាតុធ្ងន់ធ្ងរបាន។
លោក Torsten Müller-Ötvös អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Rolls-Royce Motor Carsឲ្យដឹងថា «នៅពេលនេះ គឺជាពេលវេលាដែលត្រូវបោះជំហានទៅមុខមួយជំហានទៀត ក្នុងដំណើរការនៃការផលិតរថយន្តបែបប្រណិត ដូច្នេះហើយបានជាថ្ងៃនេះ ខ្ញុំសូមប្រកាសពីការចាប់ផ្ដើមធ្វើតេស្តសាកល្បងគំរូតួរថយន្តថ្មីនៅលើដងផ្លូវ ជាមួយនឹងស្ថាបត្យកម្មថ្មីនៃដែលពោរពេញ ដោយភាពល្អប្រណិតពិតៗគ្មានពីរនេះ ឆ្លុះបង្ហាញពីការវិនិយោគដ៏ក្រាស់ក្រែល សម្រាប់អនាគតនៃម៉ាកយីហោរថយន្តដ៏អស្ចារ្យរបស់យើង»។
លោក បន្ដទៀតថា ចាប់តាំងពីឆ្នាំ២០០៣មក និងចាប់តាំងពីការសាងសង់រោងចក្រថ្មីរបស់រថយន្ត Rolls-Royce នៅ Goodwood មក យើងឃើញថា ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars បានបង្កើតនូវនិយាមការថ្មីសម្រាប់រថយន្តប្រភេទប្រណិត៕