(ភ្នំពេញ)៖ ក្រៅតែពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាន និងមន្ត្រីនៅតាមផ្នែកផ្សេងៗទៀត សរុបប្រមាណ ៤២រូប បានរួមគ្នាបរិច្ចាគ និងចែករំលែកប្រាក់បៀវត្សរបស់ពួកគេ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីចូលរួមដោះស្រាយការលំបាកទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងលិខិតផ្ញើទៅលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានបង្ហាញថា មន្ត្រីទាំង៤២រូប បរិច្ចាគចន្លោះពី២ខែ ទៅដល់៦ខែ ក្នុងចន្លោះទឹកប្រាក់ប្រមាណ ៤០ម៉ឺនរៀល រហូតដល់ ៣លានរៀលក្នុងមួយខែ។
ច្បាស់ណាស់ថា មន្ត្រីរាជការគ្រប់រូបសុទ្ធតែមានបន្ទុកត្រូវរាប់រង និងដោះស្រាយ ដូចនឹងប្រជាពលរដ្ឋដទៃទៀតដែរ ហើយក្នុងកំលុងនៃវិបត្តិបណ្តាលមកពីជំងឺកូវីដ១៩នេះ មន្ត្រីរាជការក៏រងផលប៉ះពាល់មិនខុសពីប្រជាពលរដ្ឋទូទៅនោះទេ។ តែទោះជាយ៉ាងណា ពួកគេនៅតែបានចែករំលែកការលំបាកជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការកាត់ប្រាក់បៀវត្សចូលទៅគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីយកដោះស្រាយការលំបាកនានា ក៏ដូចជាជួដល់ប្រជាពលរដ្ឋខ្មែរ។
កាយវិការទាំងនេះ បានបង្ហាញឱ្យឃើញស្មារតីនៃការរួបរួម ស្មារតីនៃការជួយគ្នាក្នុងសង្គមខ្មែរក្នុងពេលជាតិមានលំបាក ដែលជាវប្បធម៌មួយគួរឱ្យស្ញប់ស្ញែង និងកើតសរសើរ។
សូមបញ្ជាក់ថា ដើម្បីដោះស្រាយការលំបាកទាំងឡាយដែលកំពុងប្រឈមសម្រាប់កម្ពុជាបណ្តាលមកពីជំងឺកូវីដ១៩នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទី០១ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់បៀវត្សរបស់សម្តេចតេជោដែលបរិច្ចាគនេះ រាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។
ប្រាក់បៀវត្សនាយករដ្ឋមន្ត្រីកម្ពុជា មានប្រមាណ១០លានរៀល ក្នុង១ខែ ខណៈប្រាក់ខែឧបនាយករដ្ឋមន្រ្តី ៨លាន ប្រាក់ខែទេសរដ្ឋមន្រ្តីចំនួន៦លាន និងរដ្ឋមន្ត្រីមានប្រមាណ៥លានរៀលក្នុង១ខែ។
ក្រៅតែពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សមាជិកសភា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាការ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីតុលាការ និងមន្ត្រីនៅស្ថាប័នផ្សេងៗទៀត ក៏បានសម្រេចបរិច្ចាគប្រាក់បៀវត្សប្រចាំខែរបស់ខ្លួនជាបន្តបន្ទាប់ផងដែរ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីរួមចំណែកគ្នាជួយដោះស្រាយការលំបាករបស់ជាតិក្នុងពេលរងការរាតត្បាតដោយជំងឺកូវីដ១៩៕