(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ចំនួន១០០០កេស និងទឹកផ្លែឈើចំនួន២០០កេស ជូនសាលាខេត្តព្រៃវែងសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងខេត្តនេះ។
ពិធីប្រគល់ទឹកបរិសុទ្ធ កម្ពុជា និងទឹកផ្លែឈើបានធ្វើឡើងនៅសាលាខេត្តព្រៃវែងកាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០។
លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងបានប្រគល់លិខិតថ្លែងអំណរគុណដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលតែងតែចូលរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពសង្គម និងសកម្មភាពសប្បុរសធម៌នាពេលកន្លងមក។
កាលពីចុងខែមីនាកន្លងទៅនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទើបបានបរិច្ចាគទឹកបរិសុទ្ធកម្ពុជាចំនួន៣០០០កេស ជូនក្រសួងសុខាភិបាលសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ចំណែកឯក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបរិច្ចាគថវិកាចំនួន៥០ម៉ឺនដុល្លារជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់យុទ្ធនាការនេះដូចគ្នា។
សម្រាប់អតិថិជន ដែលតែងគាំទ្រ និងជាវទឹកបរិសុទ្ធ កម្ពុជា មានន័យថា ពួកគេបានចូលរួមយ៉ាងសំខាន់ជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងសកម្មភាពសង្គម និងសកម្មភាពសប្បុរសធម៌នានាផងដែរ៕