(ភ្នំពេញ)៖ បុគ្គលិករបស់អតីតសណ្ឋាគារផ្កាយ៥ The Great Duke ជាច្រើននាក់ តំណាងបុគ្គលិក១៥២នាក់ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានលើកគ្នាដាក់ញត្ដិក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសុំឲ្យលោករដ្ឋមន្ត្រី អ៉ិត សំហេង ជួយអន្តរាគមន៍ ខណៈម្ចាស់សណ្ឋាគារមិនទាន់ ផ្តល់សំណងជូនពួកគាត់ អស់រយៈពេលជាង៣ខែមកហើយ។
ក្រៅតែពីដាក់ញត្តិហើយនោះ ក្រុមបុគ្គលិកបានឈរកាន់បដាសរសេរពាក្យថា «សូមលោកឧកញ៉ា ខូវ សម្បត្តិ មេត្តាទូតទាត់សំណងឲ្យពួកយើង និងសូមឲ្យគោរពសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល»។
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានចេញសេចក្តីបង្គាប់ ឲ្យម្ចាស់សណ្ឋាគារទូទាត់សំណងដល់កម្មករ៣ចំណុច៖ ទី១៖ ទូទាត់ប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ២០១៩ ដោយប្រាក់ឈ្នួលគោល បូកប្រាក់បន្ទាប់បន្សំ, ទី២៖ប្រាក់ជួសឲ្យការជូនដំណឹង និងទី៣៖ ប្រាក់ជួសឲ្យការឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសេសសល់។
សហព័ន្ធសហជីពកម្មករ និយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF) ដែលតំណាងឲ្យបុគ្គលិករបស់សណ្ឋាគារជាង១៥០នាក់ ក៏បានចេញសេចក្ដីថ្លែងការណ៍ សម្ដែងការខកចិត្តយ៉ាងខ្លាំង ចំពោះករណីដែលសណ្ឋាគារ The Great Duke អតីតសណ្ឋាគារអ៊ីនធើរខនធីណិនថលភ្នំពេញ បានបិទទ្វារដោយមិនព្រមទូទាត់សំណង ជូនកម្មករនិយោជិត១៥២នាក់ ស្របតាមច្បាប់ស្ដីពីការងារនៃកម្ពុជា។
សេចក្ដីថ្លែងការណ៍បានឲ្យដឹងថា អតីតបុគ្គលិកធ្លាប់បម្រើការងារ នៅសណ្ឋាគារ The Great Duke បាននឹងកំពុងរង់ចាំទទួលនូវប្រាក់សំណង អស់រយៈពេលជាង៣ខែមកហើយ ដោយយោងតាមមាត្រា១១៦ នៃច្បាប់ស្ដីពីការងារតម្រូវឲ្យនិយោជក ត្រូវតែផ្ដល់ប្រាក់ឈ្នូល និងប្រាក់បំណាច់គ្រប់ប្រភេទ ជូនកម្មករនិយោជិត ក្នុងរយៈពេល៤៨ម៉ោងបន្ទាប់ពីថ្ងៃឈប់ធ្វើការ។
សូមរំលឹកថា សណ្ឋាគារផ្កាយ៥ ដែលមានវ័យចំណាស់មួយ នៅរាជធានីភ្នំពេញ ដែលជាអតីតសណ្ឋាគារ Inter-Continental Hotel ក្រោយមកប្តូរឈ្មោះទៅជា The Great Duke Phnom Penh នៅដើមឆ្នាំ២០១៨ បានប្រកាសបិទទ្វារឈប់ដំណើរការចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ សណ្ឋាគារមួយនេះបើកនៅឆ្នាំ១៩៩៦ ជាកេរ្តិ៍តំណែលរបស់មហាសេដ្ឋី ថេង ប៊ុនម៉ា៕