(ភ្នំពេញ)៖ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងមន្ទីរពេទ្យជោរ៉ៃភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦នេះ បានចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នាមួយ (MOU) នៅមន្ទីរពេទ្យជោរ៉ៃភ្នំពេញ ក្នុងន័យដើម្បីបង្កើន និងចែករំលែកនូវបច្ចេកទេស ផ្នែកវិទ្យាសាស្ត្រនៅកម្ពុជា ឲ្យកាន់តែមានភាពប្រសើរឡើង ក្នុងការយកទៅប្រើប្រាស់ ដើម្បីព្យាបាលប្រជាពលរដ្ឋកម្ពុជា។
លោក ញៀន ហុងណាម អគ្គនាយកមន្ទីរពេទ្យជោរ៉ៃភ្នំពេញ បានលើកឡើងថា ការចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នានេះ គឺនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ក្នុងការសហការគ្នា រវាងភាគីទាំងពីរ ដើម្បីបង្កើតជាសិក្ខាសាលា និងវគ្គសិក្សាខ្លី ដើម្បីចែករំលែកនូវបច្ចេកទេសថ្មី ស្តីពីវិស័យវិទ្យាសាស្ត្រ។
លោកបន្តថា គោលបំណង នៃការបង្កើតមន្ទីរពេទ្យនេះឡើង គឺដើម្បីព្យាបាលប្រជាជនកម្ពុជា និងដើម្បីចែករំលែកនូវបច្ចេកវិទ្យាវេជ្ជសាស្ត្រ ជូនដល់ក្រុមវេជ្ជបណ្ឌិតនៅកម្ពុជាផងដែរ។ មន្ទីរពេទ្យទទួលបានអ្នកជំងឺកាន់តែច្រើនឡើងៗ ហើយការព្យាបាលលើបញ្ហាជំងឺ ក៏មានការព្យាបាលលើជំងឺ កាន់តែលំបាកជាមុនផងដែរ។
លោក សុផុន វឌ្ឍនៈ នាយកសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានថ្លែងឲ្យដឹងថា វត្តមានមន្ទីរពេទ្យជោរ៉ៃនៅភ្នំពេញនេះ គឺស្របពេលជាមួយនឹងបរិបទ នៅក្នុងប្រទេសកម្ពុជា ស្របពេលដែលសមារណកម្មអាស៊ាន បាននឹងកំពុងចាប់ផ្តើម។ លោកថា ការចុះហត្ថលេខានេះ គឺនឹងជួយគាំទ្រផងដែរ ដល់វិស័យអប់រំផ្នែកវិទ្យាសាស្ត្រ ដល់និស្សិតកម្ពុជា ដែលបាននឹងកំពុងសិក្សា ហើយនឹងយកចំណេះជំនាញ ទៅប្រើប្រាស់ក្នុងការព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅពេលខាងមុខ ប្រកបដោយប្រសិទ្ធិភាព។
ជាមួយនឹងការចុះ MOU ជាមួយនឹងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យជោរ៉ៃភ្នំពេញ បានប្តេជ្ញាថា នឹងបន្តបើកវគ្គបណ្តុះបណ្តាល ជាមួយនឹងស្ថាប័នដទៃទៀតរបស់កម្ពុជា ដើម្បីចែករំលែកនូវបទពិសោធន៍ លើវិស័យវិទ្យាសាស្ត្រ ដែលតែងតែមានបញ្ហាថ្មីៗកើតឡើងជាបន្តបន្ទាប់៕