(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានទទួលនូវឧបករណ៍ប្រើបា្រស់សម្រាប់សម្លាប់មេរោគកូវីដ១៩ (COVID-19) ចំនួន១,២៥០ដប សរុបទឹកប្រាក់ចំនួន ៥,៤៤០ដុល្លារ ពីក្រុមហ៊ុន មរកត ជេនេរ៉ល អ៊ីមផត អិចផត ឯ.ក។
ពិធីប្រគល់-ទទួលសម្ភារជាជែល និងស្ព្រេ បានធ្វើឡើងនាទីស្ដីការក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ ។
ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បានថ្លែងអំណរគុណដល់ក្រុមហ៊ុន មរកត ជេនេរ៉ល អ៊ីមផត អិចផត ឯ.ក។ ដែលបានជួយឧបត្ថម្ភសម្ភារទាំងនេះ បានដើរតួនាទីដ៏សំខាន់សម្រាប់បម្រើឱ្យការទប់ស្កាត់ និងការឆ្លើយតបការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី (COVID-19)។
ជំនួយមនុស្សធម៌របស់ក្រុមហ៊ននេះ មិនត្រឹមតែចូលរួមចំណែកពង្រឹងសមត្ថភាព ឆ្លើយតបបន្ទាន់ចំពោះបញ្ហា COVID-19 បច្ចុប្បន្ននេះប៉ុណ្ណោះទេ តែវានឹងត្រូវបានប្រើប្រាស់ នៅពេលណាដែលមានការផ្ទុះការរាតត្បាត នៃជំងឺឆ្លងផ្សេងៗនាពេលអនាគត ព្រមទាំងចូលរួមចំណែកលើកកម្ពស់គុណភាពជីវិត របស់ប្រជាជនកម្ពុជាផងដែរ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១១៤ករណី ក្នុងនោះក៏មានអ្នកជំងឺកូវីដ៣៥នាក់ ត្រូវបានព្យាបាលជាសះស្បើយ ខណៈអ្នកជំងឺ៧៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទូទាំងប្រទេស៕