(កោះកុង)៖ លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ នៅរសៀលថ្ងៃទី០២ ខែមេសា ម្សិលមិញនេះ បាននាំយកអំណោយសប្បុរសជនទាំង៤ឃុំ ក្នុងស្រុកបូទុមសាគរ ប្រគល់ជូនរដ្ឋបាលខេត្តកោះកុង ដើម្បីទ្រទ្រង់នូវជីវភាពកងទ័ព ដែលឈរជើងការពារនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
លោក ហាក់ ឡេង បានឲ្យដឹងថា អំណោយដែលអាជ្ញាធរស្រុកបូទុមបានផ្តល់ជូនរដ្ឋបាលខេត្តនេះ គឺជាអំណោយសប្បុរសជនចំនួន៤ឃុំ របស់ស្រុកបូទុមសាគរ ដែលបងប្អូនមានការយកចិត្តទុកដាក់លើកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងយ៉ាងរឹងមាំដែលកាតព្វកិច្ចការពារទឹកដីការពារប្រជាពលរដ្ឋ ដែលឈរជើងនៅ តាមខ្សែបន្ទាត់ ព្រំដែនកម្ពុជា-ថៃ។
លោកអភិបាលស្រុកបានថ្លែងបន្តថា អំណោយទាំងអស់នេះគឺជូនរដ្ឋបាលខេត្តដើម្បីទុកឲ្យលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅពេលចុះសួរសុខទុក កងទ័ពការពារខ្សែបន្ទាត់ព្រំដែន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខែ្មរ និងជិតឈានចូលមកដល់នាពេលខាងមុខនេះ ។
លោកបានបន្តថា អំណោយសប្បុរសជននេះគឺជាសិល្ប:ចែករំលែក ទោះតិចក្តីច្រើនក្តី ក្នុងនាមបងប្អូនពលរដ្ឋខ្មែរនៅតែនឹងឃើញ និងគាំទ្រវិស័យកងទ័ពជានិច្ច ហើយសមរភូមិជួរមុខ និងពលរដ្ឋជាសមរភូមិក្រោយ គឺនៅជាប់គ្នាជានិច្ចដោយមិនអាចបែកគ្នាបានដូច្នេះស្មាប្រកៀស្មាសាមគ្គីគ្នា ដើម្បីរួមគ្នាការពារទឹកដីការពារជាតិ មាតុភូមិ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកដឹកនាំដ៍ឆ្លាសវៃ មានភាពល្បីល្បាយនៅលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា អំណោយសប្បុរសជនទាំងអស់មាន៖ អង្ករ២៥បាវ ១បាវទម្ងន់៥០គីឡូក្រាម, មីម៉ាម៉ា ចំនួន១៦កេះធំ និង៧កេះតូច, ទឹកក្រូច ចំនួន២០កេះ, ទឹកសុទ្ធចំនួន២០០យួរ, ទឹកត្រីចំនួន១០០យួរ, ទឹកស៊ីអ៊ីវចំនួន១០០យួរ និងថវិកាចំនួន ១០,៧៨០,០០០រៀល៕