(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក ឃឹម ស៊ុនសូនដា អភិបាលខណ្ឌកំបូល នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន សម្រាប់រយៈពេល៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ជាមួយគ្នានេះ លោក សេង គន្ធ អភិបាលរងខណ្ឌកំបូល បានបរិច្ចាគចំនួន៥០ម៉ឺនរៀលក្នុងមួយខែ ក្នុងរយៈពេល ៦ខែ និងលោក ហោ វាសនា អភិបាលរងខណ្ឌកំបូល ក៏បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន សម្រាប់រយៈពេល ៥ខែ ចាប់ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕