(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាតំណាងរាស្ដ្រមណ្ឌលបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងមូល នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានចូលរួមវិភាគទានទឹកប្រាក់ ៥ម៉ឺនដុល្លារ អាមេរិកដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងប្រធានគណៈកម្មការ សម្រាប់សកម្មភាពប្រយុទ្ធប្រឆាំង និងការរាតត្បាតជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងតាមរយៈសារលិខិតរបស់សម្តេចថា ជំនួយដែលនឹងត្រូវបានផ្តល់, រាជរដ្ឋាភិបាលនឹងខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីសង្គ្រោះ និងការពារជីវិតរបស់ ប្រជាជនកម្ពុជានៃយើង។ សម្តេចក៏សូមជូនពរដល់ជូនរួមជាតិ សូមជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយនឹងជៀសផុតអំពីជំងឺដ៏កាច សាហាវដែលកំពុង តែគំរាមកំហែងទូទាំងពិភពលោកនេះ។
រហូតមកដល់ពេលនេះ មានថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា តុលាការ រួមទាំងក្រសួង ស្ថាប័ន និងអង្គភាពជាច្រើនទៀត បានចូលរួមបរិច្ចាគប្រាក់បៀវត្សរ៍ រៀងៗខ្លួនជាបន្តបន្ទាប់ ដើម្បីរួមគ្នាជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ខណៈដែលជំងឺនេះ បាន និងកំពុងរីករាលដាលកាន់តែច្រើនឡើង។
សូមជម្រាបថា រហូតមកដល់ពេលនេះ មានអ្នកជំងឺចំនួន ៣៥នាក់ហើយ បានជាសះស្បើយ ហើយត្រូវបានចាកចេញពីមន្ទីរពេទ្យមួយចំនួន ក្នុងប្រទេសកម្ពុជា ខណៈដែលអ្នកកំពុងសម្រាក ព្យាបាលសរុប នៅក្នុងប្រទេសកម្ពុជា មានចំនួន៧៩នាក់ ក្នុងចំណោមកូវីដ១១៤ករណី គិតត្រឹមថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០៕