(ភ្នំពេញ)៖ សេចក្តីរាយការណ័ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា មានករណីភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋបានកើតឡើង មានបុរសម្នាក់រួមជាមួយនឹងប្រពន្ធ បានផ្ទុះអាវុធមួយគ្រាប់ ដោយសារខឹងស្ត្រីវ័យចំណាស់ម្នាក់ស្តីឲ្យរឿងស្តោះទឹកមាត់ ដោយហេតុការណ៌ផ្ទុះអាវុធនេះ បានកើតឡើងនៅម៉ោង៩៖៤០នាទីយប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
បើតាមការប្រាប់ឲ្យដឹងពីស្ត្រីវ័យចំណាស់ ដែលរងការគំរាមបាញ់នោះបានបញ្ជាក់ថា ដំបូងឡើយជនបង្កពីរនាក់ប្តីប្រពន្ធបានជិះម៉ូតូ Dream C125 ស៊េរី២០១៣ មួយគ្រឿង បានមកឈប់នៅកន្លែងលក់ដូររបស់គាត់ ហើយបានស្តោះទឹកមាត់របៀបមើលងាយដល់គាត់ ពេលនោះគាត់ប្រាប់ថា «ក្មួយកុំស្តោះទឹកមាត់អីចឹងកន្លែងអ៊ុលក់ដូរ» គ្រាន់ឮពាក្យប្រាប់ពីអ៊ុស្រីយ៉ាងដូចនេះ ធ្វើឲ្យបុរសនោះខឹងបានលើកឥវ៉ាន់ ដែលគាត់ដាក់លក់គ្រវែងចោល ហើយបានដើរចេញបានពីរទៅបីជំហ៊ាន ក៏ដកកាំភ្លើងខ្លីពីចង្កេះបាញ់ផ្ទប់ទៅនឹងរបងថ្ម១គ្រាប់ បង្កជាការភ្ញាក់ផ្អើលតែម្តង មិនត្រឹមតែបាញ់បង្កជាការភ្ញាក់ផ្អើលប៉ុណ្ណោះ ជនបង្កបានបោះពាក្យសំដីមកថា «អញបាញ់ប៉ុណ្ណឹងគ្មានអាណា ធ្វើអីអញបានទេ» បន្ទាប់ពីនិយាយហើយជនបង្ក បានជិះម៉ូតូឌុបប្រពន្ធចេញទៅបាត់ទៅ។
ប្រភពព័ត៌មានបន្តថា បន្ទាប់ពីជនបង្កចេញទៅបាត់ទៅ គេឃើញកម្លាំងអាវុធហត្ថ ចុះមកជ្រោងច្រាង ដើម្បីសាកសួររកមូលហេតុ នៃការផ្ទុះអាវុធនេះ៕
Posted by Fresh News Photo on Tuesday, January 5, 2016