(ភ្នំពេញ)៖ លោកស្រី រស់ ច័ន្ទស្រស់ អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន៣ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីចូលរួមដោះស្រាយការលំបាកទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
យោងតាមតារាងប្រាក់បៀវត្សរបស់មន្ត្រីរាជការ បានបង្ហាញមន្ត្រីរាជការក្នុងតំណែងជាអនុរដ្ឋលេខាធិការទទួលបានប្រាក់បៀវត្សប្រមាណ ២,៨០០,០០០រៀលក្នុងមួយខែ។
សូមបញ្ជាក់ថា ដើម្បីដោះស្រាយការលំបាកទាំងឡាយដែលកំពុងប្រឈមសម្រាប់កម្ពុជាបណ្តាលមកពីជំងឺកូវីដ១៩នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទី០១ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់បៀវត្សរបស់សម្តេចតេជោដែលបរិច្ចាគនេះ រាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។
ប្រាក់បៀវត្សនាយករដ្ឋមន្ត្រីកម្ពុជា មានប្រមាណ១០លានរៀល ក្នុង១ខែ ខណៈប្រាក់ខែឧបនាយករដ្ឋមន្រ្តី ៨លាន ប្រាក់ខែទេសរដ្ឋមន្រ្តីចំនួន៦លាន និងរដ្ឋមន្ត្រីមានប្រមាណ៥លានរៀលក្នុង១ខែ។
សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាការ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានសម្រេចបរិច្ចាគប្រាក់បៀវត្សប្រចាំខែរបស់ខ្លួនជាបន្តបន្ទាប់ផងដែរ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីរួមចំណែកគ្នាជួយដោះស្រាយការលំបាករបស់ជាតិក្នុងពេលរងការរាតត្បាតដោយជំងឺកូវីដ១៩៕