(ភ្នំពេញ)៖ នៅប៉ុន្មាននាទីមុននេះបន្តិច នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្ញើសារជូនបងប្អូនជនរួមជាតិថា៖ ថ្ងៃស្អែកជាខួបលើកពី ៣៧ នៃថ្ងៃរំដោះ៧ មករា ១៩៧៩-៧ មករា ២០១៦ ជាថ្ងៃដែលប្រជាជនកម្ពុជា ទូទាំងប្រទេស បានរួចចាកផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយបើគ្មានថ្ងៃ៧ មករា១៩៧៩ ទេគឺគ្មានអ្វីៗទាំងអស់នៅពេលនេះ។ គ្មាន ៧មករា គ្មានជីវិត គ្មានវេទិការចរចាស្វែងរកសន្តិភាព សីហនុ-ហ៊ុន សែន ហើយក៏គ្មានកិច្ចព្រមព្រៀងប៉ារីសដែរ។
ជាមួយនោះផងដែរ នៅលើ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ នៅថ្ងៃទី៥ ខែមករា ជាខួប៤០ ឆ្នាំនៃការរៀបការរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត, សម្តេចមិនបានរៀបចំពិធីអ្វីទេ តែកូនៗរបស់សម្តេចបានរៀបចំឱ្យមានការជួបជុំចៅៗក្នុងឯកសណ្ឋានកីឡា ដើម្បីលេងកីឡា និងថតរូបជាមួយចៅៗទុកជាអនុស្សាវរីយ៍។
ខាងក្រោមនេះជាសាររបស់សម្តេចតេជោ ហ៊ុន សែន ជូនបងប្អូនជនរួមជាតិ៖
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ !
ថ្ងៃស្អែកជាខួបលើកពី ៣៧ នៃថ្ងៃរំដោះ៧ មករា ១៩៧៩-៧ មករា ២០១៦ ជាថ្ងៃដែលប្រជាជនកម្ពុជាទូទាំងប្រទេស បានរួចចាកផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។
បើទោះជារូបខ្ញុំជាតួអង្គមួយរូបក្នុងចំណោមតួអង្គសំខាន់ៗ ដែលនាំមកនូវជ័យជំនះនេះក៏ដោយ ក៏ខ្ញំនៅតែនិយាយថា បើគ្មានថ្ងៃ៧ មករា១៩៧៩ ទេគឺគ្មានអ្វីៗទាំងអស់នៅពេលនេះ។ គ្មាន ៧មករា គ្មានជីវិត គ្មានវេទិការចរចាស្វែងរកសន្តិភាព សីហនុ-ហ៊ុន សែន ហើយក៏គ្មានកិច្ចព្រមព្រៀងប៉ារីសដែរ។
បើ ហ៊ុន សែន ស្លាប់បាត់ទៅហើយ តើបានអ្នកណាទៅចរចា និងចុះហត្ថលេខាទៀត? នេះជាសច្ច:ភាពនៃប្រវត្តិសាស្ត្រ។ សិទ្ធិមនុស្សត្រូវចាប់ផ្តើមពីសិទ្ធិរស់រានមានជីវិតសិន។ បើមនុស្សស្លាប់បាត់ទៅហើយ តើឱ្យខ្មោចមកបង្កើតបក្សនយោបាយ ឬសមាគម ឬសារព័ត៍មាន…។ល។ ម៉្តេចបាន?។ សូម្បីតែចំនួនប្រជាជន គឺទាល់តែម៉ែ ឪនៅរស់ទើបអាចបង្កើតកូនបាន។ ចំនួនប្រជាជនឆ្នាំ១៩៧៩ មានប្រមាណ៥លាននាក់ ពេលនេះមានប្រមាណ១៥ លាននាក់។ ការកើនឡើងនេះក៏មានមូលដ្ឋានពីថ្ងៃ ៧ មករា ១៩៧៩ មកដែរ។
វិលមកគ្រួសារខ្ញុំវិញ បន្ទាប់ពីឆ្លងកាត់ឈាម និងទឹកភ្នែក យើងបានចូលរួមជាមួយប្រជាជនកម្ពុជាទូទាំងប្រទេសដើម្បីការពារ និងកសាងប្រទេសឡើងវិញ និងកសាងគ្រួសារមួយដែលសម្បូណ៍ដោយចៅ។ ថ្ងៃ ៥ មករា ជាខួប៤០ ឆ្នាំនៃការរៀបការរបស់ខ្ញុំ និង ភរិយា។ យើងមិនបានរៀបចំពិធីអ្វីទេ តែកូនៗរបស់ខ្ញុំបានរៀបចំឱ្យមានការជួបជុំចៅៗក្នុងឯកសណ្ឋានកីឡា ហើយសុំឱ្យខ្ញុំស្លៀកពាក់ជាកីឡាករ ដើម្បីលេងកីឡា និងថតរូបជាមួយចៅៗទុកជាអនុស្សាវរីយ៍។
ពិតជាកូនមួយតៅ ចៅមួយថាំងមែន ទោះមានកិច្ចការច្រើនយ៉ាងណា ក៏ត្រូវធ្វើតាមសំណូមពរកូនៗនិងចៅៗដែរ។ នេះជាជីវិតនៃគ្រួសារខ្ញុំ
ដែលការជួបជុំជាមួយកូនៗចៅៗ ក្នុងស្ថានភាពសាមញ្ញនេះអាចផ្តល់នូវ មនោសញ្ចេតនាដ៏ជ្រាលជ្រៅមួយសំរាប់ពួកគេ។
នេះជាវិធីមួយក្នុងចំណោមវិធីអប់រំកូននិងចៅ ឱយស្ថិតនៅក្នុងភាពសាមញ្ញមួយដែលមនុស្សភាគច្រើនត្រូវការ៕