(បន្ទាយមានជ័យ)៖ គូស្វាមីភរិយាដែលបានយកគ្នាជា ប្តីប្រពន្ធ តាមការចាត់តាំងរបស់អង្គការ នាសម័យប៉ុលពតនោះ បានជួបជុំគ្នាប្រារព្ធខួបអាពាហ៍ពិពាហ៍ របស់ខ្លួន ជាលើកដំបូងនាថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ នៅជាយដែនកម្ពុជា-ថៃ ក្នុងបរិវេណវិទ្យាល័យម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីបង្ហាញពីក្តីស្រឡាញ់ និងសន្តិភាពទៅកាន់ពិភពលោក។
ពិធីនេះត្រូវបានរៀបចំឡើង ដោយអង្គការសហពន្ធ័សន្តិភាពសកលកម្ពុជា (Universal Peace Federation Cambodia) ដោយមានការអញ្ជើញចូលរួមពីលោក សួន បវរ អភិបាលរង ខេត្តបន្ទាយមានជ័យ លោក ហ៊ុត ហេន នាយសាខាUPF-BTB នាយឧត្តមសេនីយយ៍ សុខ ភាព ទីប្រឹក្សាក្រសួងការពារជាតិ លោក អែម សុខា អភិបាលស្រុកម៉ាឡៃ និងមានការចូលរួមពីគូរភរិយាស្វាមីចំនួន៨០០គូ ព្រមទាំងសាច់ញាតិបងប្អូនជាច្រើននាក់ផងដែរ។ លោក សួន បវរ បានឲ្យដឹងថា យើងប្រារព្ធធ្វើឡើងក្នុងគោលបំណង ធ្វើឡើងដើម្បីរំលឹកអនុស្សាវរីយ៍ ពីអតីតកាល និងអប់រំក្រុមគ្រួសារដែលជាសមាជិកសង្គម ឲ្យមានការគោរពស្រឡាញ់គ្នា ស្មោះត្រង់រវាងគ្នាចាប់ដៃគ្នា កសាងសុភមង្គលគ្រួសារ ក្រោមច្បាប់ស្តីពីឯកពន្ធ័ភាពក្នុងន័យ «សន្តិភាពផ្តើមចេញពីគ្រួសារ»។
លោកបានបន្តថា គូស្វាមីភរិយាចំនួន៨០០គូ ជាអតីតទាហាន និងប្រជាជននៅតំបន់អតីតខ្មែរក្រហមម៉ាឡៃ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ បានចូលរួមពីធីរំលឹកអនុស្សារវរីយ៍ ដែលខ្លះបានចាប់ដៃគ្នាក្នុង គ្រាកំសត់ជាប្តីប្រពន្ធនឹងគ្នា ខ្លះបានសំពះផ្ទឹមរៀបការនោះ បានមូលមាត់គ្នាចូលរួមពី ធីរំលឹកអនុស្សាវរីយ៍ទ្រង់ទ្រាយធំនិងលើកដំបូងផងដែរ។ លោកបានលើកឡើងថា រយៈពេល៣៧ឆ្នាំកន្លងទៅ ផ្ដើមចេញពីជ័យជំនះ៧មករា ប្រជាជនកម្ពុជាបានសម្រេច នូវការផ្លាស់ប្ដូរសង្គមយ៉ាងធំធេង ដែលគ្មានអ្នកណាអាចនឹកស្មានដល់ ជាពិសសទឹកដីកម្ពុជាយើង ក្លាយជាប្រទេសជាតិមួយ មានសុខសន្តិភាព សេរីភាពឯកភាព ស្ថិរភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ធ្វើឲ្យជីវភាពប្រជាជន ត្រូវបានលើកកម្ពស់ឥតឈប់ឈរ៕