(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា នៅក្នុងក្របខណ្ឌអង្គការសង្គមស៊ីវិល អង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន បានត្រៀមបញ្ជូនក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តចំនួន ១៣រូប ដែលមានបទពិសោធន៍ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅប្រទេសចិន រួមទាំងសម្ភារបរិក្ខាពេទ្យ និងថ្នាំព្យាបាលជំងឺមានតម្លៃប្រមាណជាង១៤ម៉ឺ នដុល្លារ មកកម្ពុជាក្នុងពេលឆាប់ៗនេះ។
ការបញ្ជាក់បែបនេះរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើឡើងក្នុងឱកាសដែលលោករួមជាមួយ លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំកម្ពុជាអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ និងទទួលសម្ភារ ការពារ ទប់ស្កាត់ និងបង្ការវីរុស COVID-19 ដែលចិន ឧបត្ថម្ភជូនកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ។ សម្ភារនេះប្រគល់ដោយមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ (CFPD) តំណាងដោយ លោក ចាង យ៉ាវអ៊ូ ប្រធានការិយាល័យប្រចាំនៅកម្ពុជា ជូនដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) ដឹកនាំដោយ លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំក៏បានទទួលព័ត៌មានថា អង្គការសង្គ្រោះមេឃពណ៌ខៀវ (Blue Sky Rescue Organization – BSR) ត្រៀមបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចំនួន១៣រូប ដែលមានបទពិសោធន៍យ៉ាងជ្រាលជ្រៅ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 នៅប្រទេសចិន រួមជាមួយនឹងបរិក្ខាពេទ្យ និងថ្នាំព្យាបាលជំងឺ តម្លៃ១លានយ័ន (ជាង១៤ម៉ឺនដុល្លារ) ថែមទៀត ដើម្បីជួយកម្ពុជា កម្ចាត់ជំងឺ COVID-19 ក្នុងរយៈពេលប្រមាណ១៥ថ្ងៃ»។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឱ្យដឹងថា ក្រុមគ្រូពេទ្យជំនាញទាំង១៣រូបរបស់ចិន នឹងធ្វើដំណើរតាមរថយន្តចេញពីខេត្តយូណាន មកកាន់ប្រទេសកម្ពុជា តាមខេត្តស្ទឹងត្រែង នៅពេលឆាប់ៗនេះ ដើម្បីបំពេញបេសកកម្មការងាររយៈពេល ១៥ថ្ងៃ ពាក់ព័ន្ធនឹងការសម្លាប់មេរោគ នៅតាមមន្ទីរពេទ្យ និងទីកន្លែងសាធារណៈផ្សេងៗ ដូចជាសាលារៀន ការិយាល័យ ស្ថានីយរថភ្លើងជាដើម និងការបណ្តុះបណ្តាល អំពីការសម្លាប់មេរោគ ដល់បុគ្គលិកសុខាភិបាល នគរបាល និងអ្នកស្ម័គ្រចិត្តតាមសហគមន៍ ដើម្បីជួយពង្រឹងជំនាញក្នុងការការពារខ្លួន និងការប្រើប្រាស់ឧបករណ៍បរិក្ខារសម្លាប់មេរោគ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់នាយកដ្ឋានអន្តរជាតិ នៃគណៈកម្មាធិការកណ្តាល គណបក្សកុំម្មុយនីស្តចិន ដែលធ្វើការសម្របសម្រួលជាបន្ទាន់ ដើម្បីប្រមូលការគាំទ្រសម្រាប់ជួយកម្ពុជា ក្នុងកិច្ចប្រឹងប្រែងទប់ស្កាត់ និងគ្រប់គ្រងជំងឺរីករាលដាលនៃវីរុស COVID-19។
លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា ការប្រគល់សម្ភារការពារ ទប់ស្កាត់ និបង្ការវីរុស COVID-19 របស់អង្គការសង្គមស៊ីវិលចិន នាពេលនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះប្រទេសកម្ពុជា ខណៈដែលកម្ពុជា កំពុងតែត្រូវការសម្ភារ បរិក្ខាពេទ្យ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស ដ៏កាចសាហាវនេះ។ កាយវិកាដ៏សប្បុរសនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចំណងមិត្តរវាងប្រទេស និងប្រជាជនទាំងពីរ។
លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល បានថ្លែងថា វ.ស.ស. នឹងបន្តចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ក៏ដូចជាកៀរគរជំនួយពីដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ដើម្បីចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចប្រកបដោយចីរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕