(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញលិខិតមួយថ្លែងអំណរគុណ និងកោតសរសើរដល់ លោក យឹម លក្ខណ៍ ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក និងសមាជិកក្រុមហ៊ុន ប៊ី.អាយ.ស៊ី គ្រុប ដែលបានឧបត្ថម្ភទឹកប្រាក់សរុប ចំនួន៣០ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រតិបត្តិការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលកំពុងតែគំរាមកំហែងដល់សុខភាព និងអាយុជីវិតប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា ដើម្បីប្រមូលថវិកាសប្បុរសជន ដែលចង់ចូលរួមជាមួយរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ សម្តេចតេជោ ហ៊ុន សែន បានកំណត់យកទីតាំងចំនួន២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួយសប្បុរសជន ក្នុងនោះមាន៖
* កន្លែងទី១៖ គឺគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានសម្តេចជាប្រធាន ហើយមានអាស័យដ្ឋាននៅក្រសួងសុខាភិបាល និងមានឈ្មោះមន្ត្រី និងលេខទូរស័ព្ទ អ្នកចាំទទួល៖ ០១២ ៨៤២ ៩៦៦, ០១២ ៨៣៨ ៨៨៥, ០១២ ៧៣១ ៨៨៨, ០១២ ៧៧៦ ៥៧៨។
* កន្លែងទី២៖ គឺខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលមានលោក សេង ទៀង នាយករងខុទ្ទកាល័យ ០១២ ៩៦១ ៩៧១ និងមន្ត្រីមួយចំនួនទៀត ជាអ្នករង់ចាំទទួល។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជំនួយដែលនឹងត្រូវបានផ្តល់ដោយសប្បុរសជននេះ រាជរដ្ឋាភិបាលនឹងខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីសង្គ្រោះ និងការពារជីវិតរបស់ប្រជាជនកម្ពុជាយើង។ សម្តេចសូមជូនពរដល់ជូនរួមជាតិឱ្យជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយនឹងចៀសផុតអំពីជំងឺដ៏កាចសាហាវដែលកំពុង តែគំរាមកំហែងទូទាំងពិភពលោកនេះ៕