(ភ្នំពេញ)៖ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទាំង ៩រូប នៅក្នុងកិច្ចប្រជុំពេញមួយថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦នេះ រកមិនទាន់ឃើញបេក្ខភាព ១៥រូបចុងក្រោយ ដែលនឹងត្រូវឈានទៅប្រកួតប្រជែងយកតំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរងរបស់ គ.ជ.ប នៅឡើយទេ។
ថ្នាក់ដឹកនាំ គ.ជ.ប នៅថ្ងៃទី០៥ ខែមករា នេះ បានបើកកិច្ចប្រជុំពិនិត្យលក្ខណៈសម្បត្តិ និង ចម្រាញ់យកបេក្ខភាព ១៥រូប (បេក្ខ ភាពអគ្គលេខាធិការរក្សាទុក ៣រូប និងអគ្គលេខាធិការរងចំនួន ១២រូប) ក្នុងចំណោម ៨៨រូប ដើម្បីទៅកាន់តំណែងអគ្គលេខាធិ ការ និង អគ្គលេខាធិការរងរបស់ គ.ជ.ប។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់ Fresh News នៅល្ងាចថ្ងៃនេះថា កិច្ចប្រជុំរកមិនទាន់ឃើញបេក្ខភាពទាំង ១៥ រូបនៅឡើយទេ ដោយសារតែថ្នាក់ដឹកនាំ គ.ជ.ប ត្រូវការពិនិត្យផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់ទៅលើបេក្ខភាពទាំង ៨៨រូប ដែលសុទ្ធតែ មានលក្ខណៈសម្បត្តិល្អៗគ្រប់រូប។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងឲ្យដឹងថា ការចម្រាញ់ និង ជម្រុះបេក្ខភាព ដែលបានដាក់ពាក្យប្រកួតប្រជែង យកតំណែងអគ្គលេខាធិការ និង អគ្គលេខាធិការរង គ.ជ.ប នេះ មានភាពស្វិតស្វាញ និង តានតឹងខ្លាំង ដោយសារត្រូវការផ្ទៀង ផ្ទាត់ ពិនិត្យពិច័យ ឲ្យបានល្អិតល្អន់។ «យើងមានការលំបាកខ្លាំងក្នុងការជម្រុះ ដោយយើងត្រូវធ្វើការពិនិត្យពិច័យផ្ទៀងផ្ទាត់ ប្រៀបធៀប បេក្ខភាពនីមួយៗ ឲ្យបានល្អិតល្អន់បំផុត ក្នុងការជម្រុះនេះ។ ធ្វើយ៉ាងណា ឲ្យការជម្រុះមានភាពសុក្រឹត និងតម្លាភាព បំផុត»។
សូមរំលឹកថា មានបេក្ខភាពមកពីចម្រុះស្ថាប័នចំនួន ១២៤រូប រួមទាំងលោក ទេព នីថា អគ្គលេខាធិការនាពេលបច្ចុប្បន្ន និងអគ្គ លេខាធិការរងដទៃទៀតផងដែរ បានដាក់ពាក្យប្រកួតប្រជែង យកតំណែងអគ្គលេខាធិការ និង អគ្គលេខាធិការរង គ.ជ.ប។ កាល ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅ មានបេក្ខភាពចំនួន ៣៨រូបហើយ (អគ្គលេខាធិការ ១២រូប អគ្គលេខាធិការរង ២៦រូប) ត្រូវ បានថ្នាក់ដឹកនាំ គ.ជ.ប ប្រជុំជម្រុះចេញ។
លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា តំណែងអគ្គលេខាធិការ និង អគ្គលេខាធិការរង គ.ជ.ប នេះ គ្រាន់តែជាអ្នកជំនួយការ ជួយឲ្យ ការបោះឆ្នោត ប្រព្រឹត្តទៅទាន់ពេលវេលា មិនមែនជាអ្នកសម្រេចចិត្ត លើបញ្ហាផ្សេងៗនោះឡើយ។ រាល់ការសម្រេចចិត្ត គឺស្ថិត លើសមាជិកទាំង ៩រូប របស់ គ.ជ.ប ដែលរើសដោយ គណបក្សនយោបាយជាប់ឆ្នោតទាំងពីរ គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្រ្គោះជាតិ៕