(តាកែវ)៖ នៅទីស្នាក់ការកណ្ដាល របស់គណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦នេះ មានរៀបចំពិធីសូត្រមន្តបង្សកូល និងអភិសេករូបសំណាក់ ទេវតាបាចផ្កាដែលជាសញ្ញាសំគាល់ របស់គណបក្ស ប្រជាជនកម្ពុជា ដែលទើបតែតែបញ្ចប់ការសាងសង់ ក្រោមវត្តមានលោក ឡាយ វណ្ណៈ ប្រធាន គណៈកម្មាធិការ គណបក្សប្រជាជនខេត្តតាកែវ និងជាអភិបាលខេត្ត ព្រមទាំងមន្រ្តី ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្ស ប្រជាជនខេត្តតាកែវជាច្រើននាក់ទៀត។
លោក ឡាយ វណ្ណៈ បានថ្លែងថា រូបទេវតាបាចផ្កា៧ទង គឺតំណាងឲ្យថ្ងៃ៧មករា ជាថ្ងៃដែលគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិ និងប្រជាពលរដ្ឋឲ្យចេញផុតពី របបកាប់សំលាប់ របស់ពួកខ្មែរក្រហម។
ក្រៅពីពិធីសម្ភោធរូបសំណាកទេវតា យើងក៏បានរៀបចំ ពិធីបង្សកូលដើម្បីឧទ្ទិសមហាកុសលដល់យុទ្ធជន យុទ្ធនារីយើងដែលបានធ្វើពលិកម្មដើម្បីប្រទេសជាតិនិងប្រជាជន។ លោក ឡាយ វណ្ណៈ បានបន្តថា មានយុទ្ធជន យុទ្ធនារីរាប់ពាន់ ម៉ឺននាក់បានបូជា ឈាមស្រស់ សាច់ស្រស់ និងមានខ្លះទៀតបានពិការដៃជើង ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ ពួកគេដែលបានពលីទៅមិនបាន នៅមើលឃើញការរីកចម្រើន របស់ប្រទេសជាតិ និងការរស់នៅក្នុង ភាពសប្បូរសប្បាយ របស់ប្រជាជាពលរដ្ឋខ្មែរ យើងសព្វថ្ងៃនោះទេ។
តែទោះបីជាយ៉ាងណា យើងទាំងអស់គ្នាដែល ជាសមាជិក គណបក្សប្រជាជនកម្ពុជា ជាពិសេសប្រជាពលរដ្ឋខ្មែរទូទាំង ប្រទេសមិនដែលបំភ្លេចពីពលីកម្មដ៏ធំធេងរបស់អតីតយុទ្ធ ជននិងយុទ្ធនារី យើងនោះទេ។
នៅក្នុងពិធីនោះផងដែរលោក ឡាយ វណ្ណៈ ក៏បានធ្វើការបួងសួងដល់រូបសំណាកទេវតាបាចផ្កាដែលជាសញ្ញាសំគាល់របស់គណបក្សប្រជាជនកម្ពុជា សូមតាមជួយថែរក្សាបីបាច់ សមាជិកសមាជិកា គណបក្សប្រជាជនទាំងអស់ជាពិសេសសូមតាមជួយថែរក្សាប្រជាពលរដ្ឋនៅទូទាំងខេត្តតាកែវសូមអោយមានសេចក្ដីសុខនិងមានភាពសប្បូរសប្បាយតរៀងទៅ៕